ដើម្បីជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងឈ្វេងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា ប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជាប្រមាណ ១៥០រូប ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជំនួបពិភាក្សានេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ហើយដែលបេសកកម្មធុរកិច្ចម៉ាឡេស៊ីមកកាន់កម្ពុជានេះជាលើកទី ២ បន្ទាប់ពីបេសកកម្មលើកទី១ របស់ប្រតិភូម៉ាឡេស៊ីពីសហគ្រាស ធុនតូច និងមធ្យម ទទួលបាននូវភាពជោគជ័យ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ។
ទន្ទឹមនឹងនេះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចម៉ាឡេស៊ីនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនម៉ាឡេស៊ីចំពោះតថភាពសេដ្ឋកិច្ច ស្ថេរភាពនយោបាយ និងយុទ្ធសាស្ត្រស្តារសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរ ប្រមុខការទូតកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់បន្ថែមទៀតអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី ដែលបានលើកទឹកចិត្តឱ្យធុរជនម៉ាឡេស៊ីពិចារណាវិនិយោគលើវិស័យប្រកបដោយសក្តានុពលផ្សេងៗទៀត ដូចជា វិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
សូមជម្រាបថា កន្លងមកកម្ពុជា និងម៉ាឡេស៊ីបានសន្យានឹងខិតខំពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។ បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ តួលេខវិនិយោគិនម៉ាឡេស៊ីឈរនៅលំដាប់ថ្នាក់ទី ៣ ហើយសង្ឃឹមថា កម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីម៉ាឡេស៊ី ក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ដូចនេះកម្ពុជា សូមលើកទឹកចិត្តឱ្យក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យនានាដូចជា អចលនទ្រព្យ សំណង់ គ្រឿងបន្លាស់រថយន្ត ហេដ្ឋារចនាសម្ព័ន្ធ និងម្ហូបអាហារហាឡាល់ ជាដើម។
គួររម្លឹកថា ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា និងម៉ាឡេស៊ី ក្នុងឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ជាង ៥០០ លានដុល្លារកើនឡើង ១៣,១៤ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នៅក្នុងនោះ ការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ីមានទឹកប្រាក់ជាង ១០១ លានដុល្លារ កើន ២,៦២ ភាគរយ ខណៈការនាំពីម៉ាឡេស៊ីមកកម្ពុជាមានទឹកប្រាក់ចំនួន ៣៩៩ លានដុល្លារ កើនឡើង១៦,១៦ ភាគរយ។
បន្ថែមទៅលើនេះ របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆ្នាំ ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជាជាង ៣,១៥ ពាន់លានដុល្លារ៕