កម្មកររោងចក្រ ចង់បានប្រាក់ខែអប្បបរមា ២១៣ដុល្លារ តែក្រុមហ៊ុននិងក្រសួង មិនទាន់ព្រម

សង្គម​ និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ​​​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរិមា បាន​បន្ត​កិច្ច​ប្រជុំ​​របស់​ខ្លួន​ ដើម្បី​បន្ត​ពិភាក្សា​កំណត់​ប្រាក់​ឈ្នួល​អប្បបរិមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំ​ខាង​លើ​នេះ ​​ភាគី​តំណាង​កម្មករ​ ​​បាន​បន្ថយ​តួលេខ​ពី​ចំនួន ២១៥​ដុល្លារ មក​តួ​លេខ ២១៣​ដុល្លារ ខណៈ​ដែល​ភាគី​និយោជក (តំណាង​ក្រុមហ៊ុន) ​​​ហ៊ាន​ឱ្យ​តួលេខ​ត្រឹម ១៩៦​ដុល្លារ។ នៅក្នុង​កិច្ចប្រជុំ​ត្រីភាគី​នេះ ភាគី​រាជរដ្ឋាភិបាល ក៏​បាន​បន្ត​សម្រប​សម្រួល និង​ផ្តល់​នូវ​ការ​ពន្យល់បន្ថែម​លើ​ចំណុច​នានា ហើយ​បើ​តាម​លក្ខណៈ​បច្ចេកទេស ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ​​​​បាន​គណនា​ឃើញ​ថា តួលេខ​​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ឆ្នាំ​២០២៣ គឺ ១៩៧,៨៦ ដុល្លារ។

ដូច្នេះ​ជា​រួម​មក ​​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ ​​គ្រប់ភាគី​​ខាង​លើ​ ​ពុំ​ទាន់​ព្រមព្រៀង​ឯកភាព​គ្នា​ក្នុង​តួលេខ​ណា​មួយ​នៅ​ឡើយ​ទេ ​​ហើយ​ភាគី​​ទាំង​ពីរ និង​តំណាង​រាជរដ្ឋាភិបាល ​​សម្រេច​​ឱ្យ​មាន​កិច្ច​ប្រជុំ​បន្ត​​ទៀត នៅ​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ និង​កិច្ច​ប្រជុំ​ចុង​​បញ្ចប់​ នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០២២។

សូមរំឭក​ជូនថា ប្រាក់ឈ្នួល​អប្បបរមា​ឆ្នាំ២០២២​ សម្រាប់​កម្មករ​ វិស័យ​វាយនភណ្ឌ កា​ត់ដេរ​ ផលិត​ស្បែកជើង​ និងសម្ភារៈ​ធ្វើដំណើរ​ ជាលក្ខណៈ​បច្ចេកទេស​​គឺ​មិនមាន​ការតម្លើង​ឲ្យពីភាគី​និយោជកទេ ​ពោល​គឺរក្សាទុក​ ១៩២ដុល្លារ​ ដូចឆ្នាំ២០២១ ​តែសម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​បានបន្ថែម​២ដុល្លារ​ ដែលធ្វើឲ្យ​ប្រាក់ឈ្នួល​កម្មករ ​ក្នុង​ឆ្នាំ២០២២ ​កើនដល់​១៩៤ដុល្លារ៕