អគារការិយាល័យកណ្ដាល ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សំណង់អគារការិយាល័យកណ្តាល ដែលជាកន្លែងស្នូលធំធ្វើការរបស់បណ្ឌិត អ៉ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិ អេស៊ីលីដា ចាប់ផ្តើមសាងសង់ក្នុងខែមករា ឆ្នាំ២០១៣ ដែលមានកម្ពស់ ២០ជាន់ និងអគារក្រោមដីចំនួន ៤ជាន់ មានផ្ទៃក្រឡាបម្រើការងារសរុបចំនួន ៤៣.០០០ ម៉ែត្រការ៉េ ហើយយចាយថវិកាចំនួនប្រមាណ ៧៦.៦៩៥.២២៤ ដុល្លារអាមេរិក។

អគារការិយាល័យកណ្តាលនេះ គូសប្លង់ដោយក្រុមហ៊ុន Aedas មានមូលដ្ឋាននៅទីក្រុងហុងកុង និងក្រុមហ៊ុន iLi Consulting Engineers Mekong Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកវិស្វកម្ម, Optima Consultant Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកមេកានិក អគ្គិសនី និងប្រព័ន្ធបណ្តាញទឹក និង BK Asia Pacific ជាទីប្រឹក្សាផ្នែកគ្រប់គ្រងចំណាយ។

អគារនេះសាងសង់ដោយក្រុមហ៊ុន HYUNDAI Eengineering Co., Ltd. ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ បំពាក់ទៅដោយឧបករណ៍សម្ភារការិយាល័យទំនើប និងទាន់សម័យ ព្រមទាំងមានប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃថាមពលប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និងប្រព័ន្ធទូរគមនាគមន៍ ហើយនិងប្រព័ន្ធគាំទ្របច្ចេកវិជ្ជាព័ត៌មាន រួមទាំងមានកន្លែងសម្រាប់ចតយានយន្តគ្រប់ប្រភេទចំនួន ១.២៣៩ គ្រឿង និងមានអាហារដ្ឋានសម្រាប់បុគ្គលិកដែលប្រកបដោយផាសុកភាពខ្ពស់៕