ទាំងព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញានេះ កូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បានបង្ហាញខ្លឹមសារសំណេរលើហ្វេសប៊ុកផ្ទាល់ខ្លួន ដោយដកស្រង់សម្តីនៃការកោតសរសើរទាំងអត្តចរិត ឥរិយាបថពីប្រជាពលរដ្ឋចាស់ក្មេងៗជាច្រើនធ្លាប់បាននិយាយប្រាប់លោកថា ឪពុកម្តាយរបស់លោក (សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។

សម្រាប់ឧត្តមសេនីយ៍ផ្កាយ ៣ ហ៊ុន ម៉ាណែត លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់លោក គឺលោកឪពុក និងអ្នកម្តាយ ដែលគាត់តែងតែណែនាំព្រានប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ ឱ្យប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ និងការតស៊ូព្យាយាម តាំងតែពីបងប្អូនរបស់លោកនៅតូចៗម៉្លេះ។
ការចែករំលែករបស់លោក ហ៊ុន ម៉ាណែត ទំនងដកស្រង់ចេញពីសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” សរសេរដោយលោក ឆាយ សុផល។
បើតាមលោក ហ៊ុន ម៉ាណែតក្នុងចំណោមដំបូន្មានសំខាន់ៗដែលឪពុកម្តាយរបស់លោក (សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត) បានផ្តល់ឱ្យលោកនិងប្អូនៗ យ៉ាងដូច្នេះថា៖
១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…
២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែទឹកចិត្តល្អ…
៣. ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ។
៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតផងនោះ ប្រកាសចែកសៀវភៅដែលនិពន្ធអំពីលោក ដល់សាធារណជនដោយឥតគិតថ្លៃផងដែរ ក្រោមចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត»។

សៀវភៅនេះត្រូវបានអ្នកកាសែតជើងចាស់ លោក ឆាយ សុផល ចំណាយពេលជិត ៣ ឆ្នាំ និពន្ធដើម្បីបង្ហាញពីប្រវត្តិពិស្តារទាំងអតីតកាល បច្ចុប្បន្ន និងកិច្ចការដែលត្រូវបំពេញឆ្ពោះទៅបន្តវេនបេក្ខជននាយករដ្ឋមន្ដ្រី នៅថ្ងៃខាងមុខ៕