គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) មានប្រភពកើតចេញមកពីកម្មវិធីឥណទានខ្នាតតូច និងសន្សំរបស់អង្គការ ខុនស៊ើន វើលវ៉ាយ (Concern Worldwide) ដែលបានបង្កើតដំបូងក្នុងដើមឆ្នាំទសវត្សរ៍ ១៩៩០។ នៅឆ្នាំ ២០០២ អង្គការ ខុនស៊ើន វើលវ៉ាយ បានសម្រេចចិត្តបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាច់ដោយឡែកមួយ ស្ថិតក្រោមឈ្មោះថា អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា (AMK) ដែលបន្ទាប់មកត្រូវបានគេស្គាល់ និងបានចុះបញ្ជីពាណិជ្ជកម្មជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី”។

AMK មានក្រុមប្រឹក្សាភិបាល ៩ រូប (រួមទាំងអគ្គនាយកផងដែរ) គឺជាអ្នកដែលមានជំនាញទូលំទូលាយក្នុងវិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មានវិទ្យា ហានិភ័យ រតនាគារ សវនកម្ម ច្បាប់ និងប្រតិបត្តិ និងការអភិវឌ្ឍ ក៏ដូចជាបទពិសោធន៍ជាច្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងធនាគារវិនិយោគ។ ក្រុមប្រឹក្សាភិបាល គឺអ្នកសម្រេចតែងតាំងប្រធាននាយកប្រតិបត្តិ (CEO) ដែលជាក្បាលម៉ាស៊ីន ក្នុងការដឹកនាំគ្រប់ផ្នែកទាំងអស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទាំងមូល។

ប្រធាននាយកប្រតិបត្តិ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បច្ចុប្បន្នគឺជាជនជាតិខ្មែរ មានឈ្មោះថា “គា បូរាណ”។ លោក បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជិត២០ ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក។ លោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិហិរញ្ញវត្ថុ (CFO) និងអនុប្រធាននាយកប្រតិបត្តិ។

មុនពេលដែលលោកចូលរួមជាមួយ អេ អឹម ខេ លោកបានធ្វើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីជានាយកហិរញ្ញវត្ថុ។ លោក បូរាណ បានកាន់តំណេងជាប្រធាននាយកនៅក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារកម្ពុជា សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ និងបរិញ្ញាបត្រភាសាអង់គ្លេស។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យកអាជីព “ACCA” (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យករអាជីព “ACCA” ក្នុងឆ្នាំ២០០៨។

លោក គា បូរាណ ជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម និងធ្លាប់ជាក្មេងវត្ត រស់នៅអាស្រ័យដោយបាយបាត្ររបស់ព្រះសង្ឃ នៅក្នុងវត្តជ្រោយថ្ម ខេត្តកំពង់ចាម អំឡុងពេលលោកសិក្សានៅថ្នាក់វិទ្យាល័យ និងបានស្នាក់នៅវត្តឧណ្ណាលោម ពេលលោកបន្តសិក្សានៅមហាវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា គិតត្រឹមឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបជិត ១ លាននាក់ ជាមួយនឹងការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧ ០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាបង់រំលស់ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕