ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC នៅថ្ងៃទី៣១ ខែសីហាម្សិលមិញ បានសម្រេចផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុន KHEMUNIK HOSPITAL CO., LTD គម្រោងសាងសង់មន្ទីរពេទ្យចំនួន ១៥០គ្រែ ស្ថិតនៅក្នុងក្រុងតាខ្មៅ ជាមួយនឹងដើមទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសាងសង់មន្ទីរពេទ្យនេះ ស្ថិតនៅផ្លូវជាតិលេខ ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអាចនឹងបង្កើតការងារបានចំនួន ៤៥៨កន្លែង។
ដោយមានទីតាំងចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ ហើយជាខេត្តជាប់នឹងរាជធានីភ្នំពេញស្រាប់ ខេត្តកណ្តាល កំពុងតែបង្ហាញសក្តានុពលរបស់ខ្លួន ដោយសារមានការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងបុរីលំនៅឋានជាច្រើនព្រោងព្រាតនៅក្នុងទីក្រុងនៃទីរួមខេត្តមួយនេះ។
ពិេសសទៀតនោះ ខេត្តកណ្តាល ក៏ដូចជាក្រុងតាខ្មៅ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាននឹងកំពុងស្វាគមន៍រោងចក្រសហគ្រាសជាច្រើនមកវិនិយោគបន្ថែមកាន់តែច្រើនឡើង ដែលជាការបង្កើនការវិនិយោគ និងការងារជូនប្រជាពលរដ្ឋផងដែរ៕