កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវលើកទី៧ (7th Belt and Road Summit) ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នាទីក្រុងហុងកុង។ តាមរយៈកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកថា កិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវនេះ គឺកំពុងជួយពង្រីកការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជា និងថ្នាក់តំបន់ឲ្យកាន់តែប្រសើរឡើង។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ ចែករំលែក ផ្លាស់ប្តូរយោបល់ និងទស្សនវិស័យអំពីឱកាសធុរកិច្ច និងវិនិយោគលើវិស័យជាច្រើន រួមមានការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិលើផ្នែកពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដោយជំរុញបណ្តាញទំនាក់ទំនង ផ្គូផ្គងធុរកិច្ច និងការបង្កើតភាពជាដៃគូ។
ឱកាសនោះដែរ លោកក៏បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គឺជាកាតាលីករថ្មី ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោក លើវិស័យជាច្រើនរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងវិនិយោគ។

លោកបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនពីគំនិតផ្តួចផ្តើមនេះ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ព្រមទាំងជំរុញការតភ្ជាប់ក្នុងប្រទេស និងក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពការដឹកជញ្ជូន និងធ្វើឱ្យប្រសើរឡើងនូវវិស័យភស្តុភារកម្មរបស់កម្ពុជា។

គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៣ ដោយប្រធានាធិបតីចិន ស៊ី ជីនពីង ផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មអន្តរជាតិ៕ អត្ថបទ៖ រង្សី