កម្ពុជា អនុញ្ញាតឲ្យជនបរទេស ដែលរស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងអាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើយោងតាមគ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ រួមមាន មន្ត្រីការទូត, វិនិយោគិន, មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។
ចំពោះបែបបទ នៃការស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤គុណ៦ រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹក៕