ទំហំពាណិជ្ជកម្មកម្ពុជា បានកើនឡើងក្នុងអត្រា ២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១ ខណៈក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ មានការកើនឡើងក្នុងអត្រារហូត២៦% ។ នេះបើតាមការឲ្យដឹងពីលោក សុខ សុភ័ក្ត្រ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០២១ បានកើនឡើងប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ ៥,៨% ធៀបនឹងឆ្នាំ២០២១។
ជារួម លោកថា ទំហំពាណិជ្ជកម្មកម្ពុជាបានកើនឡើងក្នុងអត្រា ២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១ និងមានការកើនឡើងក្នុងអត្រា ២៦% ក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ។ ដោយឡែក ចំពោះវិស័យវិនិយោគវិញ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន ៤៧ គម្រោង ដែលមានដើមទុនសរុបប្រមាណ ២,៥ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ ១៤,២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។
លោកក៏បានបញ្ជាក់ទៀតថា គម្រោងវិនិយោគទាំងនោះផ្ដោតលើ គម្រោងសាងសង់មជ្ឈមណ្ឌលភស្ដុភារកម្មនិងកំពង់ផែពហុបំណង វារីអគ្គិសនី ការផលិតសំបកកង់ឡាន សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ ការដាំដុះចេកនិងផ្លែឈើផ្សេងៗ រោងចក្រដំឡើងរថយន្ដ និងមន្ទីរពេទ្យ…ជាដើម។
គួរបញ្ជាក់ដែរថា ទោះបីជាទំហំពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាមានការកើនឡើងជាវិជ្ជមានក្នុងរយៈពេល ១៨ ខែចុងក្រោយនេះក៏ដោយ ក៏កម្ពុជានៅតែបន្ដជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា៖ ១) ភាពមិនច្បាស់លាស់នៃវិបត្តិកូវីដ-១៩ ធ្វើឱ្យប្រទេសមួយចំនួននៅបន្ដអនុវត្តវិធានការសុខាភិបាលតឹងតែង និងការកម្រិតលទ្ធភាពនៃការធ្វើដំណើរ ២) ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន ៣) កង្វះខាតហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT)ជាដើម។
ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងពាណិជ្ជកម្ម ក៏បានស្នើឱ្យភាគី ADB ពិចារណាផ្ដល់ការគាំទ្រកម្ពុជាតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់សកម្មភាពនានាដល់កម្ពុជាផងដែរ៕