កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំង អភិបាលខណ្ឌមួយចំនួន ដែលធ្វើឱ្យបច្ចុប្បន្ននេះ ក្នុងចំណោមអភិបាលខណ្ឌទាំង ១៤រូប នៃរដ្ឋបាលរាជធានីភ្នំពេញ គឺមានអភិបាលខណ្ឌ២រូប ដែលមានងារ “ឯកឧត្តម”។
១. ឯកឧត្តម សុខ សម្បត្តិ៖ អភិបាលខណ្ឌបឹងកេងកង

លោក សុខ សម្បត្តិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអតីតអភិបាលខណ្ឌព្រែកព្នៅ និងទើបត្រូវបានផ្លាស់ប្តូរមកកាន់តំណែងជាអភិបាលខណ្ឌបឹងកេងកង តាមរយៈអនុក្រឹត្យថ្មី កាលចុងខែកក្កដា ឆ្នាំ២០២២នេះ។

លោក សុខ សម្បត្តិ បានទទួលងារ “ឯកឧត្តម” បន្ទាប់ពីត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈដល់រូបលោក ជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «អនុរដ្ឋលេខាធិការ» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
២. ឯកឧត្តម ជា ពិសី៖ អភិបាលខណ្ឌទួលគោក

លោក ជា ពិសី អតីតអភិបាលរងខណ្ឌឫស្សីកែវ និងក្រោយមកទទួលបានការតែងតាំងជាអភិបាលខណ្ឌឫស្សីកែវ កាលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានសម្តេចតេជោ ចេញអនុក្រឹត្យ ផ្ទេរមកកាន់តំណែងជាអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

លោក ជា ពិសី បានទទួលងារ “ឯកឧត្តម” បន្ទាប់ពីប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យ តែងតាំងរូបលោកក្នុងចំណោមសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី មានឋានៈស្មើ «អគ្គនាយក» កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា បើតាមច្បាប់ នៅតាមរដ្ឋបាលរាជធានី ខេត្ត មានតែអភិបាលរាជធានី ឬអភិបាលខេត្ត តែប៉ុណ្ណោះ ដែលមានងារជា ឯកឧត្តម លោកជំទាវ ចំណែកឯអភិបាលរង រាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ឯទៀត មានងារត្រឹមលោក ឬលោកស្រីតែប៉ុណ្ណោះ។ តែបើអភិបាលរងរាជធានីខេត្ត ឬអភិបាលក្រុង ស្រុក ខណ្ឌ នោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលចេញដោយព្រះរាជក្រឹត្យ នោះទើបមានងារជា ឯកឧត្តម លោកជំទាវ។ ម្យ៉ាងទៀត បើស្វាមីមានងារជាឯកឧត្តម នោះភរិយារបស់ជននោះ នឹងមានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕





