វេជ្ជបណ្ឌិតដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនៅស្រុកខ្មែរម្នាក់ ទទួល «ពានរង្វាន់ណូបែលអាស៊ី»

សង្គម​ និង​សេដ្ឋកិច្ច

មូលនិធិ Raymon Magsaysay នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានប្រកាសផ្ដល់ពានរង្វាន់ Raymon Magsaysay ឬហៅថា «ពានរង្វាន់ណូបែលអាស៊ី» លើកទី៦៤ ឆ្នាំ២០២២ ដល់លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ «ពានរង្វាន់ណូបែលអាស៊ី» ជាការលើកទឹកចិត្តសម្រាប់ការងារដោះស្រាយបញ្ហាជំងឺផ្លូវចិត្តនៅកម្ពុជារបស់លោកវេជ្ជបណ្ឌិតដែលកាន់តួនាទីជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ ហៅកាត់ថា TPO។

មូលនិធិ Raymon Magsaysay​ បានតាមដានការងាររបស់វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ជាង២ឆ្នាំ ទើបសម្រេចផ្ដល់ «​ពាន​រង្វាន់​ណូបែល​អាស៊ី» ជូនរូបលោក។ នោះក៏ព្រោះតែ មូលនិធិនេះយល់ឃើញថា លោកបាន​ធ្វើ​ការងារ​ជា​ច្រើន ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​នៅ​កម្ពុជា​។ មុនទទួល «ពានរង្វាន់ណូបែលអាស៊ី» វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានចំណាយពេលសិក្សា និងបម្រើការងារនៅក្នុងវិស័យពិគ្រោះនិងព្យាបាលអ្នកជំងឺផ្លូវចិត្តនៅកម្ពុជាអស់រយៈពេល៣ទសវត្សមកហើយ។

មានវ័យ៥៤ឆ្នាំ វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​បញ្ចប់ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែកចិត្តសាស្ត្រ​នៅ​ឆ្នាំ​២០១៤​ និង​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ពិគ្រោះ​យោបល់​និង​ព្យាបាល​ជំងឺ​ចិត្តសាស្ត្រ​អស់​រយៈ​ពេល​៣០​កន្លង​មក​ហើយ​។

នៅឆ្នាំ២០២២នេះ ក្រៅពីវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ក៏មានបុគ្គលចំនួន៣រូបផ្សេងទៀត មកពីប្រទេសជប៉ុន ហ្វីលីពីន និង​ឥណ្ឌូនេស៊ី បានទទួលពាន​រង្វាន់​ណូបែល​អាស៊ី​លើក​ទី​៦៤នេះដែរ។

ដោយ​ឡែក សម្រាប់ជនជាតិខ្មែរវិញ លោក​វេជ្ជបណ្ឌិតគឺជាបុគ្គលទី​៨​​ហើយ ដែលបាន​ទទួល​ពាន​រង្វាន់​ណូបែល​អាស៊ី​នេះ មាន​ជា​អាថិ៍ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា, លលក យ៉ង សាំងកុមារ អតីតនាយកប្រតិបត្តិអង្គការសេដាក, លោក គល់ បញ្ញា នាយក​ប្រតិបត្តិអង្គការ ខុមហ្វ្រែល, លោក ឯក សុនចាន់ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ, លោកស្រី អ៊ុង ច័ន្ទថុល អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ, និង​លោក​ស្រី នួន ផល្លី អតីតនាយកគ្រប់គ្រងអង្គការពន្លឺអនាគត៕