សម្តេចក្រឡា​ហោម​ វាយតម្លៃខ្ពស់​ចំ​ពោះ​សកម្មភាពការ​ងាររបស់​ម​ន្ត្រីនៃ​ក្រសួង​​មហា​ផ្ទៃកាល​ពីឆ្នាំ ២០១៩

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្មរយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៩ ដែលទទួលបាន​លទ្ធផលគាប់ប្រសើរ។ សម្តេចក្រឡាហោម ថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និបាត​ត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី និងថ្នាក់នាំស្ថាប័នក្រោមចំណុះឲ្យក្រសួងមហាផ្ទៃ ដែលខិត​ខំប្រឹងប្រឹងប្រែងបម្រើការងាររយៈពេលពេញ១ឆ្នាំ គឺឆ្នាំ ២០១៩ ធ្វើឲ្យក្រសួង​មហា​ផ្ទៃសម្រេចបានសមទ្ធិផលការងារជាច្រើន។ សម្តេចមានប្រ​សាសន៍បន្តថា ឆ្នាំ២០១៩ គឺជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុ​កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់និតិកាលទី៦នៃរដ្ឋសភា។

សម្តេចក្រឡាហោម កត់សម្គាល់ឃើញថា កាលពីឆ្នាំ ២០១៩ កន្លងទៅ សភាពការ​សន្តិសុខសកល និងក្នុងតំបន់ មានការវិវឌ្ឍកាន់តែតានតឹង និងស្មុគស្មាញ ដោយសារ​ការប្រកួតប្រជែង រវាងមហាអំណាចធំៗដណ្តើមព្រៀបលើភូមិសាស្រ្តនយោបាយ យោធារ សង្គ្រាមពាណិជ្ជកម្ម សង្គ្រាមបច្ចេកវិទ្យា និងការគំរាមកំហែង​នៃអំពើភារវ​កម្មអន្តរជាតិ។ សម្តេចបន្តថា ដោយមានការចូលរួមពីកងកម្លាំងគ្រប់លំដាប់ថ្នាក់ និងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត​គោលនយោ​បាយភូមិ​ឃុំមានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងសង្គម ឲ្យបានកាន់តែមានប្រសិទ្ធភាព។

សម្តេចមានប្រសាសន៍ថា ការហូរចូលយ៉ាងគំហុកនៃជនបរទេស នាំឲ្យមានបទ​លើ្មសកើនឡើងរហូតដល់ ៨៩% គឺមានអត្រាខ្ពស់ជាងឆ្នាំ ២០១៨។ សម្តេចបន្តថា បទល្មើសមួយចំនួន ដែលប៉ះពាល់ដល់ចិត្តសាស្រ្តសង្គម ដូចជាលួចមានស្ថានទម្ងន់ រំលោភសម្លាប់ អំពើហិង្សាដោយចេតនា ឆបោក និងការប្រើប្រាស់អាវុធខុសច្បាប់ មានការថយចុះគួរឲ្យកត់សម្គាល់។ វិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវបានជំរុញយ៉ាងសកម្ម ស្របតាមផែនការនៃការអនុវត្ត​យុទ្ធនាការប្រយុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់លើកទី៤របស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ការបង្រ្កាបបទ​ល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សកម្មភាពក្មេងទំនើង ល្បែងស៊ីសង​ខុសច្បាប់ បទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏ដូចជាវិធានការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ អាវុធជាតិ ទទួលបានការចូលរួមគាំទ្រ កាន់តែច្រើន ពីសាធារណជន៕