ភ្នំពេញ ៖ គ្រោះថ្នាក់រាចរណ៍ បានកើនឡើងយ៉ាងគំហុក គួរឲ្យព្រួយបារម្ភ កាលពីឆ្នាំ ២០១៩ កន្លងទៅ។ នេះជាការលើកឡើងរបស់សម្តេច ស ខេង នៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងនៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ ២០១៩ លើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃថា នៅឆ្នាំ ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហុក បើធៀបជាមួយនឹងឆ្នាំ ២០១៨ ។ សម្តេចសម្តែងការព្រួយបារម្ភ ប្រសិនបើកំណើននេះ ពុំមានការថមថយ នៅឆ្នាំបន្តបន្ទាប់ទៀត។
ទោះយ៉ាងណា សម្តេចជំរុញឲ្យអ្នកជំនាញ ចាំបាច់ត្រូវតែសិក្សារកមូលហេតុពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ។ សម្តេចបញ្ជាក់ថា ក្រសួងមិនទាន់បានធ្វើវិសោធនកម្មច្បាប់ ឬអនុក្រឹត្យទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះទេ ប៉ុន្តែក្រសួងបានប្រកាសនឹងធ្វើការសិក្សាឈានទៅធ្វើវិសោធនកម្ម។
ទន្ទឹមនឹងនេះ សម្តេច មានប្រសាសន៍ថា អគ្គស្នងការនគរបាល ក៏បានធ្វើការប្រជុំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តជាបន្តបន្ទាប់។
សម្តេចលើកឡើងថា នៅឆ្នាំ ២០២០នេះ ប្តេជ្ញាថា នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យខានតែបាន។ ពោលគឺធ្វើយ៉ាងណាឲ្យនៅប្រហាក់ហែលឆ្នាំ ២០១៨ និងទាបជាងឆ្នាំ ២០១៩។
សូមបញ្ជាក់ថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួនជាង ៦ពាន់នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់ឆ្នាំ ២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់៕