ថៃ អនុញ្ញាតឱ្យពលរដ្ឋកម្ពុជា យករថយន្តផ្ទាល់ខ្លួនធ្វើដំណើរចេញចូលដល់ផ្សាររ៉ុងភ្លឿ

សង្គម​ និង​សេដ្ឋកិច្ច

ថៃ អនុញាតិឱ្យប្រជាពលរដ្ឋខ្មែរយករថយន្តផ្ទាល់ខ្លួនធ្វើដំណើរចេញចូលបានទៅដល់ផ្សារ រ៉ុងភ្លឿ ជាប់នឹងខេត្តបន្ទាយមានជ័យ។ ការសម្រេចបើកបន្ទាប់កិច្ចពិភាក្សាកាលពីចុងខែសីហាកន្លងទៅថ្មីៗនេះ រវាងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនគរបាលអន្តោប្រវេសន៍ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេច ត្រូវបានអនុញ្ញាតចាប់ពីដើមខែកញ្ញានេះ ដូចមុនដែលកាលមិនទាន់បិទព្រំដែនដោយសារវិបត្តិកូវីដ១៩ នៅច្រកព្រំដែនសេដ្ឋកិច្ចប៉ោយប៉ែតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា នឹងខេត្តស្រះកែវរបស់ថៃ។

បើតាមមន្រ្តីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការដែលសម្រេចឱ្យអាជីវករ ដែលចង់យករថយន្តផ្ទាល់ខ្លួនចូលក្នុងទឹកដីថៃ ត្រូវមានប័ណព្រំដែន ឬក៏លិខិតឆ្លងដែន និងឯកសាររថយន្តដែលពាក់ព័ន្ធជាមួយការធនារ៉ាប់រងផងដែរ។

សូមរំលឹកថា ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ច្រកទ្វារប៉ោយប៉ែត និងច្រកទ្វារផ្សេងៗទៀត ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់នៃលំហូរទំនិញខ្មែរ-ថៃ ត្រូវបានអាជ្ញាធរខេត្តជាប់ព្រំដែនទាំងពីរប្រកាសបិទចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរខេត្តជាប់ព្រំដែន រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ កាលពីចុងឆ្នាំ ២០២១ បានជួបពិភាក្សាគ្នាម្តងហើយស្តីពីលទ្ធភាពបើកច្រកទ្វារព្រំដែនឡើងវិញ ដែលភាគីទាំង២ រំពឹងថានឹងអាចធ្វើឡើងនៅអំឡុងឆ្នាំ២០២២នេះ៕