ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា តម្លៃអចលនទ្រនៅក្នុងកម្ពុជានាពេលនេះ គឺស្ថិតនៅដដែល ពោលគឺមិនមានការឡើងថ្លៃ ហើយក៏មិនមានការចុះថ្លៃនោះដែរ បើទោះជាមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ឬហៅថា COVID-19 ក៏ដោយ។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលភាពជោគជ័យ សម្រាប់៣,៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន Century 21 ។
នាឱកាសនោះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា វីរុសកូរ៉ូណា ឬហៅថា COVID-19 បានជះផលតិចតួចប៉ុណ្ណោះ លើវិស័យអចលទ្រព្យកម្ពុជា ហើយនឹងប្រសើរឡើងវិញ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ នាពេលណាដែលអ្នកជំនាញអាចរកថ្នាំព្យាបាល និងគ្រប់គ្រងបាន។
លោកបានលើកឡើងយ៉ាងដូច្នេះថា «វិស័យអចលនទ្រព្យ នៅក្នុងដើមឆ្នាំ២០២០នេះ យើងឃើញថាមានភាពប្រឈមមួយចំនួន បាននិងកំពុងកើតឡើង នៅប្រទេសកម្ពុជា ក៏ដូចជាសកលលោក ជាពិសេសអ្នកដែលប្រកបរបរទទួលទាន នៅលើវិស័យអចលនទ្រព្យកម្ពុជា ហើយមកដល់មួយរយៈចុងក្រោយនេះ គឺមានភាពប្រឈមពាក់ព័ន្ធទៅនឹងជំងឺកូរ៉ូណា ដែលជាការប៉ះពាល់រយៈពេលខ្លីមួយ និងប៉ះពាល់តិចតួចទៅលើវិស័យអចលនទ្រព្យកម្ពុជាផងដែរ»។
ជាមួយគ្នានេះ លោកបានអះអាងថា បើទោះចិនជាប្រទេសដែលវិនិយោគនៅកម្ពុជា ច្រើនជាងគេក្តី ហើយខណៈដែលកំពុងផ្ទុះវីរុសកូរ៉ូណា ឬហៅថា COVID-19 ក៏ដោយ ក៌លោកសង្កេតឃើញថា តម្លៃអចលនទ្រនៅក្នុងកម្ពុជានាពេលនេះ គឺស្ថិតនៅដដែល ពោលគឺមិនមានការឡើងថ្លៃ ហើយក៏មិនមានការចុះថ្លៃនោះដែរ។
ដោយឡែកពាក់ព័ន្ធនឹងឱកាសវិនិយោគ លើវិស័យអចលនទ្រព្យនាពេលនេះវិញ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ អះអាងថា បើចង់វិនិយោគនៅក្នុងកាលៈទេសៈនេះ មានតែការវិនិយោគរយៈពេលវែង គឺជាការវិនិយោគដ៏ល្អ ព្រោះអាចមានឱកាសចំណេញប្រាក់ច្រើន នៅក្នុងពេលអនាគត ហើយជាឱកាសដែលមានការចរចាបានល្អ ប៉ុន្តែបើសិនជាទិញ ក្នុងរយៈពេលខ្លីត្រូវតែមានការប្រយ័ត្នប្រយែង៕ សិរីកា