ការដកពិន្ទុលើបណ្ណបើកបរយានយន្ត នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមអនុវត្តសាកល្បងហើយ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ហើយអ្នកដែលបើកបរលើសល្បឿនកំណត់ ចាប់ពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ នឹងត្រូវពិន័យដកពិន្ទុពីបណ្ណបើកបរដល់ទៅ ៦ពិន្ទុ ខណៈដែលពិន្ទុសរុបមានត្រឹមតែ ១២ពិន្ទុប៉ុណ្ណោះ។

យោងតាមប្រកាសអន្តរក្រសួងលេខ ១៧៦ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រង់ប្រការ៤ បានបញ្ជាក់ឱ្យដឹងថា ត្រូវកាត់ ១ពិន្ទុ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩ គម/ម៉ និងពិន័យជាប្រាក់ ១២ម៉ឺនរៀល, កាត់២ពិន្ទុ ចំពោះអ្នកលើសល្បឿនចាប់ពី ២០ ទៅ ២៩ គម/ម៉ (ពិន័យប្រាក់ ១៥ម៉ឺនរៀល), កាត់៣ពិន្ទុ ចំពោះអ្នកលើសល្បឿនចាប់ពី ៣០ ទៅ ៣៩ គម/ម៉ (ពិន័យប្រាក់ ១៨ម៉ឺនរៀល), កាត់៤ពិន្ទុ ចំពោះអ្នកលើសល្បឿនចាប់ពី ៤០ ទៅ ៤៩ គម/ម៉ (ពិន័យប្រាក់ ៣០ម៉ឺនរៀល) និងកាត់៦ពិន្ទុ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៥០គម/ម៉ ឡើងទៅ (ថែមពិន័យជាប្រាក់ ៣០ម៉ឺនរៀល)។

កន្លងមក ចំពោះការផាកពិន័យលើសល្បឿនកំណត់នេះ បានក្លាយជាក្តីកង្វល់មួយរបស់ប្រជាជនទូទៅ ដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដូចជាការធ្វើដំណើរតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវស្ងាត់មួយចំនួន ដែលមានស្លាកសញ្ញាកំណត់ល្បឿនត្រឹម ៤០ ឬ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា តាមប្រកាសខាងលើ បានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការអនុវត្តការដកពិន្ទុលើបណ្ណបើកបរនេះ គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ហើយបើក្នុងករណីអស់ពិន្ទុ នោះបណ្ណបើកបរត្រូវទុកជាមោឃៈ។ បើអ្នកបើកបរមានបំណងចង់បានបណ្ណបើកបរថ្មី ត្រូវរៀនបំប៉ន និងប្រឡងយកបណ្ណបើកបរឡើងវិញ ក្នុងរយៈពេលយ៉ាងតិច ៦ខែ៕