លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ បច្ចុប្បន្នមានឋានន្តរស័ក្តផ្កាយ៤ និងជារដ្ឋលេខាធិការក្រសួងកាការពារជាតិ បានបង្ហាញស្នាដៃពីបទពិសោធជីវិត និងស្នាដៃ ដែលចងក្រងដោយយុវជន ២រូប គឺលោក សេង វ៉ាន់ដា និងលោក តាំង ហៀងឈុង ជាបុគ្គលិកសាលាខេត្តព្រះសីហនុ។

សៀវភៅនេះមានចំណងជើងថា “ឯកឧត្តម យន្ត មីន ជីវិតនិងស្នាដៃ” បង្ហាញពីជីវិតក្នុងសមរភូមិ និងស្នាដៃការងាររបស់លោកក្នុងការបំរើប្រទេសជាតិ និងប្រជាជនតាំងពីនៅជាយុទ្ធជនរហូតដល់ក្លាយជាមេបញ្ជាការកងទ័ព ខេត្តកោះកុង ហើយនឹងក្លាយជានាយឧត្ដមសេនីយ៍ឯក ផ្កាយ៤។
បន្ថែមពីនេះ ក៏រំលេចកាលកាន់ជាអភិបាលខេត្តព្រះសីហនុ ដែលធ្វើការគៀរគរអ្នកវិនិយោគធំៗ មកអភិវឌ្ឍក្នុងខេត្តព្រះសីហនុយ៉ាងច្រើនផងដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃសៅរ៍ ទី៣ ខែកញ្ញានេះ លោក យន្ត មីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ “ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងភ័យផងនៅពេលដែលក្មួយទាំងពីរបានស្នើរមកខ្ញុំដើម្បីសរសេរសៀវភៅនេះដោយសារខ្ញុំគិតថាខ្លួនឯងមិនទាន់មានគុណសម្បត្តិគ្រប់គ្រាន់ តែអារម្មណ៍មួយទៀតគឺចង់រំលែកនូវរឿងរ៉ាវដែលខ្ញុំបានឆ្លងកាត់ទៅកាន់សាធារណជនក៏ដូចជាកូនក្មួយជំនាន់ក្រោយដើម្បីទុកជាចំណេះដឹង និងបទពិសោធ”។

យ៉ាងណា អតីតអភិបាលខេត្តព្រះសីហនុរូបនេះ ក៏បានស្នើដល់អ្នកអានទាំងអស់មេត្តាយោគយល់ក្នុងករណីមានកំហុសឆ្គង ឬការភ្លេចភ្លាំងណាមួយដោយសាររឿងខ្លះវាបានកើតឡើងយូរមកហើយ៕