ក្រោយពាណិជ្ជករ និងពលរដ្ឋចិនរាប់ម៉ឺននាក់ដែលចំណាកស្រុកមករស់នៅកម្ពុជាដើម្បីធ្វើការក្នុងឧស្សាហកម្មល្បែងកម្សាន្ត និងបដិសណ្ឋារកិច្ច បានចាកចេញពីទីក្រុងឆ្នេរសមុទ្រខេត្តព្រះសីហនុ បន្ទាប់ពីរដ្ឋាភិបាលហាមឃាត់ការលេងល្បែង អនឡាញនៅចុងឆ្នាំ២០១៩ ហើយពិភពលោកត្រូវបានវាយប្រហារដោយជំងឺរាតត្បាត កូវីដ-១៩ សេដ្ឋកិច្ចក្នុងតំបន់នេះបានធ្លាក់ចុះ ហើយអគារខ្ពស់ៗរាប់រយដែលមិនទាន់សាងសង់រួចបានទុកចោលនៅពេញទីក្រុង។

បញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ កាលពីខែកក្កដា អាជ្ញាធរខេត្តបានជួបជាមួយតំណាងអ្នកវិនិយោគក្នុង ស្រុកនិងម្ចាស់ដីដែលបានជួលគម្រោងវិនិយោគឱ្យចិនដើម្បីពិភាក្សាអំពីវិបត្តិនេះ។ បើតាមអាជ្ញាធរខេត្ត អគារជាង ១ ០០០ ក្នុងក្រុងព្រះសីហនុ ត្រូវបានបោះបង់ចោលអស់រយៈ ពេលជាងពីរឆ្នាំមកហើយ។
ជុំវិញបញ្ហាវិបត្តិនេះដែរ លោក អ៊ឹម សេងហ៊ួរ នាយកប្រចាំតំបន់នៃក្រុមហ៊ុនអចនលទ្រព្យ Century 21 Zilllion Holding នៅខេត្តព្រះសីហនុ បានប្រាប់ខេមបូចា ដោយប៉ាន់ប្រមាណថា តម្លៃអគារដែលគេបោះបង់ចោលសរុបមានយ៉ាងហោចណាស់៥ពាន់លានដុល្លារ។ លោកបន្តថា ទោះបីជា គម្រោង មួយ ចំនួន បាន ចាប់ ផ្តើម ដំណើរការឡើង វិញ ជា បណ្តើរៗក៏ដោយ ម្ចាស់អចលនទ្រព្យជាច្រើនកំពុងជម្នះ ដោះស្រាយការខាតបង់ របស់ពួកគេ។
លោកបន្ថែមថា ៖ « យើងអាចនឹងពិបាកក្នុងការទាក់ទាញអ្នកវិនិយោគផ្សេងទៀតឱ្យមកជំនួសចិន ទោះបីអ្នក វិនិយោគក្នុងស្រុកខ្លះអាចនឹងទិញ ប៉ុន្តែពួកគេ ឱ្យក្នុង តម្លៃ ទាបជាងទីផ្សារ »។

យ៉ាងណា ទៅថ្ងៃអនាគត សំណង់អគារចិននៅក្រុងព្រះសីហនុនឹងទៅជាយ៉ាងណា? ឧកញ៉ា វណ្ណ សុខ ហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឆ្លើយតបប្រាប់លោក ពុយ គារ អ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុនតុក្យូ យ៉ាងដូច្នេះថា៖ “និយាយទៅដូចជាអាក្រក់ស្តាប់បន្តិច ប៉ុន្តែខ្ញុំសូមនិយាយថា ក្រោយចប់កុងត្រាក្នុងរយៈពេល១០ទៅ២០ឆ្នាំទៀត អគារទាំងនោះនឹងទៅជារបស់ខ្មែរហើយ ព្រោះចិនមិនអាចលើក ឬរើអគារទាំងនោះទៅស្រុកចិនវិញបានទេ”។
នៅក្នុងសំណុំរឿងអគារជាប់គាំងនេះ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ កំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អ្នកជំនាញផ្នែកអចលនទ្រព្យ, វិស័យធនាគារ, វិស័យឯកជន រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាជាប់គាំងនៃសំណង់អគារនៅក្រុងព្រះសីហនុ ដែលមានរហូតដល់ ១ ១៥០កន្លែង ឱ្យបានឆាប់រហ័ស។
សូមជម្រាបថា ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលដាក់ផែនការអភិវឌ្ឍតំបន់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមទៀតនោះ ការអភិវឌ្ឍខេត្តនេះ គឺជាចំណែកមួយយ៉ាងធំ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕
