ទស្សនៈវិនិយោគិនចិន និងម្ចាស់ដី ចំពោះគម្រោងជាប់គាំងនៅខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

គេហៈទំព័រល្បីឈ្មោះ Nikkei Asia ​កាលពីពេលថ្មីៗនេះ បានសម្ភាសអ្នកវិនិយោគចិនជាច្រើននាក់ដោយសួរពីទស្សនវិស័យ និងផែនការអនាគតរបស់ពួកគេចំពោះគម្រោងដែលជាប់គាំងទាំងនោះ​ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា សម្រេចបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ នាពេលកន្លងមកនេះ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ Nikkei Asia  បានឲ្យដឹងថា វិនិយោគិនភាគច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការត្រឡប់មកវិញ ប៉ុន្តែមានឧបសគ្គច្រើនយ៉ាងទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលជាការរារាំងពួកគេ។កត្តាសំខាន់បំផុតមួយដែលធ្វើឱ្យវិនិយោគិនចិនពិបាកក្នុងបន្តគម្រោងដែលជាប់គាំង គឺការខ្វះខាតការគាំទ្រ និងជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា។ជាក់ស្ដែង កាល​ពី​ដើម​ខែ​កក្កដា ម្ចាស់​គម្រោង​ចិន​មួយ​ក្រុម​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែនៅមិនទាន់ទទួលបានផ្លែផ្កាអ្វីទាំងអស់។

ដើម្បីត្រលប់មកវិញ Nikkei Asia  បានឲ្យដឹងថា ពួកគេបានស្នើសុំរដ្ឋាភិបាលឱ្យជួយកាត់បន្ថយពន្ធពាក់ព័ន្ធនឹងគម្រោងរបស់ខ្លួន និងជួយបង្កើតសន្ទស្សន៍តម្លៃដីដែលច្បាស់លាស់ ដើម្បីទប់ស្កាត់បញ្ហាម្ចាស់ដីក្នុងស្រុកបំប៉ោងតម្លៃ។

បើតាម Nikkei Asia  បានបន្តថា ចំពោះសំណើសំខាន់បំផុតដែលវិនិយោគិនចិនទាមទារគឺ ការសម្របសម្រួលពីដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីរវាងពួកគេ និងម្ចាស់ដីក្នុងស្រុក។ជាងនេះទៀត វិនិយោគិនចិនមួយចំនួនបានរាយការណ៍ដែរថា ម្ចាស់ដីបានរឹបអូសអគាររបស់ពួកគេជាថ្នូរនឹងតម្លៃជួល ដែលវិនិយោគិនយល់ថាថ្លៃខ្លាំងពេក។

អ្នកអភិវឌ្ឍន៍ចិនឈ្មោះ Qiu ដែលបានប្រាប់ Nikkei ថា«គាត់បានវិនិយោគលើសណ្ឋាគារតម្លៃ ៣ លានដុល្លារនៅក្រុងព្រះសីហនុក្នុងឆ្នាំ ២០១៧ ។ ការសាងសង់ត្រូវបានបញ្ចប់នៅឆ្នាំ ២០២០ ប៉ុន្តែមិនអាចបើកបានទេ ដោយសារជម្លោះជាមួយម្ចាស់ដីដែលចង់រឹបអូសយកគម្រោងទាំងស្រុង»។

ផ្ទុយទៅវិញចំពោះការលើកឡើងខាងលើនេះដែរ  បើតាម Nikkei បានឲ្យដឹងដែរថា ម្ចាស់ដីក្នុងស្រុកអះអាងថា អ្នកវិនិយោគចិនបានបំពានកិច្ចសន្យា ហើយមិនបង់ថ្លៃជួលដូចការសន្យា។ បន្ទាប់ពីបិទល្បែងអនឡាញ និងការមកដល់នៃវិបត្តិកូវីដ១៩ អ្នកវិនិយោគចិនបានចាកចេញពីប្រទេសកម្ពុជាដោយគ្មានពាក្យផ្ដែផ្ដាំ ហើយថែមទាំងមិនព្រមបង់ថ្លៃជួលដីទៀតផង។ 

អ្នក​ខ្លះទៀត​អះអាង​ថា ដោយសារវិនិយោគិនទៅបាត់ស្ងាត់សូន្យនេះហើយ ដែល​ជា​ហេតុផលធ្វើឱ្យពួក​គេ​គ្មាន​ជម្រើស​ ក្រៅ​ពី​កាន់កាប់​អគារនោះទុក​វត្ថុ​បញ្ចាំ ហើយ​រង់ចាំ​ឱ្យម្ចាស់គម្រោងចិន​មក​ដោះស្រាយ​ថ្លៃ​ជួល​វិញ។ ពួកគេ​គ្មាន​ចេតនា​រឹបអូស​អគារនោះ​ជា​អចិន្ត្រៃយ៍​ទេ។

ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧកញ៉ា វណ្ណ សុខហេង មានប្រសាសន៍ថា ដើមចមនៃបញ្ហានេះគឺដោយសារភាគីទាំងសងខាង [អ្នកវិនិយោគចិន និងម្ចាស់ដីក្នុងស្រុក] មិនព្រមសម្របសម្រួលគ្នា ដូច្នេះទើបបញ្ហានេះ​មិន​ដាច់ស្រាច់ ។

ទោះជាយ៉ាងនេះក្តី ឧកញ៉ា សុខហេង ថា ដំណោះស្រាយខាងលើមិនងាយស្រួលដូចការគិតនោះទេ ដោយសារគម្រោងសំណង់ដែលជាប់គាំងភាគច្រើន មិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលធ្វើអ្នកវិនិយោគថ្មីខ្លាចរអាមិនហ៊ានទិញ ព្រោះមិនអាចបន្ដការអភិវឌ្ឍបាន សូម្បីតែសុំភ្ជាប់ប្រព័ន្ធទឹកភ្លើង។

លោកឧកញ៉ាបានបន្តថា«ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហានេះបាន ដូច្នេះរដ្ឋាភិបាល​គួរតែ​ចូល​រួម។ មធ្យោបាយមួយ​គឺ​រដ្ឋាភិបាល​ជួយ​ធ្វើ​ឱ្យ​គម្រោង​ទាំង​នោះ​ស្រប​ច្បាប់​ដោយ​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់។ មន្ត្រីពីក្រសួងអាចត្រួតពិនិត្យគុណភាពសំណង់ទាំងអស់នោះ ប្រសិន​បើមិន​បង្ក​គ្រោះថ្នាក់​ដល់​សាធារណជន​ទេ ក្រសួង​គួរ​ចេញ​លិខិត​អនុញ្ញាតឱ្យពួកគាត់។ ការ​ធ្វើ​ដូច្នេះ​ នឹង​លើក​ទឹក​ចិត្ត​​ដល់​អ្នក​វិនិយោគ​ថ្មី​ក្នុង​ការ​ទិញ​គម្រោងទាំងនេះ» ។

យ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញក្នុងវិស័យអលនទ្រព្យទាំងជាតិ និងអន្តរជាតិ ក៏បានបង្ហាញការជឿជាក់ដែរថា បញ្ហានឹងធូរស្រាលនៅថ្ងៃណាមួយ ព្រោះជាក់ស្ដែងរដ្ឋាភិបាលបានចំណាយថវិកាជាង ៣០០លានដុល្លាររួចហើយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះមានន័យថារដ្ឋាភិបាល ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ខេត្ត​នេះ​៕