កម្ពុជា-សិង្ហបុរី កំពុងពង្រឹងចំណងមិត្តភាពទាំងវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងក្របខណ្ឌអាស៊ាន។ ពិពិសេសនោះទាំងពីរបានប្តេជ្ញានឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែខ្លាំង ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែសកម្ម និងមានទំហំកាន់តែធំ។
មែនទែនទៅ កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេបំផុតដែលបានទទួលស្គាល់ឯករាជ្យរបស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ១៩៦៥។ ទំនាក់ទំនងការទូតរបស់ប្រទេសកម្ពុជា និងសិង្ហបុរីត្រូវបានបង្កើតដោយព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី លី ក្វាន់យូ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សិង្ហបុរី ត្រូវបានពង្រឹងនិងរីកចម្រើនឥតឈប់ឈរ។
ចំណែកឯកិច្ចសហប្រតិបត្តិការក៏កាន់តែជិតស្និទ្ធនិងមិត្តភាពយូរអង្វែងរវាងកម្ពុជា-សិង្ហបុរី លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុប ៥ ២១៧ លានដុល្លារកើន ៤៩,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៤៨៨,៦១ លានដុល្លារ។ ក្នុងនេះកម្ពុជានាំទំនិញទៅសិង្ហបុរីមានចំនួន ១១៩,៨៩ លានដុល្លារ ធ្លាក់ចុះ ៩៥,២ ភាគរយ និងការនាំទំនិញពីសិង្ហបុរីមកកម្ពុជាបានទឹកប្រាក់ ៥ ០៩៧,១ លានដុល្លារ កើនឡើង ៤១៧ ភាគរយ។
ដោយឡែកសម្រាប់រយៈពេល ៤ ខែដើមឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីមានចំនួន ១ ២០១,៩៨ លានដុល្លារ ធ្លាក់ចុះ ៥៧,៣ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះការនាំទំនិញពីកម្ពុជាទៅសិង្ហបុរីមានទឹកប្រាក់ ៥០,២២ លានដុល្លារ កើន ២៤៨,៣ ភាគរយ និងការនាំចូលមាន ១ ១៥១,៧៥ លានដុល្លារ ធ្លាក់ ៥៨,៩ ភាគរយ។
ធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយបើធៀប ឆ្នាំ ២០២០។ សិង្ហបុរីឈរលេខរៀងទី ៣ ជាប្រទេស វិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទឹកប្រាក់ ២,៧ ពាន់លានដុល្លារ តាមពីក្រោយប្រទេសចិនដែលមានចំនួន ១៨ ពាន់លានដុល្លារ, និង កូរ៉េ ៤,៩ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ សិង្ហបុរី ក៏តែងតែគាំទ្រ និងផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍន៍ជាតិ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន៕