រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត ម៉ៅ ធនិន កំពុងមានផែនការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម ដោយគ្រោងនឹងស្ថាបនាឱ្យមានរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្ត និងសួនកម្សាន្តមួយចំនួនទៀត នៅក្រុងកំពត។

លោកអភិបាលខេត្ត ម៉ៅ ធនិន បានបង្ហើបឱ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះថា រដ្ឋបាលខេត្តបានរៀបចំផែនការស្ថាបនា ជាឆ្នេរកម្សាន្តព្រែកកំពតមួយ ដែលមានប្រវែង ២គីឡូម៉ែត្រ ស្ថិតនៅតំបន់កោះស្មៅ។ រីឯការស្ថាបនាសួនកម្សាន្តដ៏ប្រណិតមួយទៀត គឺនៅជាប់ព្រែកកំពត ដែលឋិតនៅចន្លោះស្ពានឥន្ទធនូ និងស្ពានថ្មី ក្នុងក្រុងកំពត។ លោកអភិបាល បានបន្តថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏សម្បូរបែប ប៉ុន្តែខេត្តនេះ នៅមិនទាន់មានឆ្នេរសម្រាប់ឱ្យភ្ញៀវទេសចរកម្សាន្តនៅឡើយនោះទេ ដូច្នេះហើយទើបមានគម្រោងនេះឡើង ខណៈដែលបច្ចុប្បន្ននេះ ក្រុមការងារ កំពុងតែចាក់ខ្សាច់បំពេញជាបណ្តើរៗហើយ ដើម្បីអាចកសាង បន្ទាប់ពីរៀបចំសម្អាតមាត់ព្រែក និងការរុះរើសំណង់លើដីចំណីព្រែករួចរាល់។

“គម្រោងស្ថាបនាឆ្នេរ និងសួនកម្សាន្តនេះ មិនទាន់ដឹងថា ត្រូវចំណាយថវិកាចំនួនប៉ុន្មាននៅឡើយទេ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅពេលណានោះដែរ ដោយរដ្ឋបាលខេត្តកំពុងសិក្សាពីការស្ថាបនានេះ ប៉ុន្តែសម្រាប់សួនកម្សាន្តវិញ គ្រោងបង្កើតឱ្យមានជា សួនច្បារលម្អ នៅលើវិថីរង្វង់មូលបាញ់ទឹក សួនច្បារស្វាគមន៍ សួនផ្ការំដួល ផែសម្រាប់អ្នកដំណើរ ចំណតយានយន្ត កន្លែងដាក់ភ្ញៀវទេសចរ និងស្ពានសម្រាប់ចំណតទូក ដែលមានរូបរាងជាសណ្ឋានដូចឥន្ទធនូ”។ លោក ម៉ៅ ធនិន បានបញ្ជាក់បន្ថែម។

គួររំឭកផងដែរថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានទទួលស្គាល់ថា ឆ្នេរសមុទ្រដែលកម្ពុជាមាននេះ គឺជាទុនដ៏សំខាន់ក្នុងការទាក់ទាញអ្នកទេសចរ បង្កើតជាចំណូលសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ លោកក៏ បានអំពាវនាវដល់អភិបាលខេត្តជាប់ឆ្នេរទាំង៤ ខេត្តព្រះសីហនុ កំពត កែប និងកោះកុង ត្រូវប្រឹងប្រែងរួមគ្នាថែរក្សាឆ្នេរកុំឱ្យមានការរំលោភបំពានទៅធ្វើជាកម្មសិទ្ធិ និងសង់សំណង់ផ្សេងៗ៕




