លោកស្រី ខា ឡេង ជាមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដែលការងាររបស់លោកស្រីក្នុងតួនាទីអនុរដ្ឋលេខាធិការជួយការងាររដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ទៅលើកិច្ចការលើកស្ទួយស្រ្តី និងយេនឌ័រ ក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្ម។
លោកស្រីជាភាគទុនិក និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៌ ភីអិលស៊ី បង្កើតឡើងកាលពីខែធ្នូឆ្នាំ២០១១។
លោកស្រី ខា ឡេង បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកច្បាប់។ បច្ចុប្បន្នអគ្គនាយិការង ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន គ្រុប ជាក្រុមហ៊ុនមានបទពិសោធច្រើនឆ្នាំ ខាងផ្នែកអចលនទ្រព្យ និងសំណង់។ បទពិសោធន៍ដែលក្រុមហ៊ុនបានវិនិយោគគម្រោងធំជាងគេ គឺគម្រោង The Gate Way ជាដើម។
ក្រុមហ៊ុន អាល់ហ្វា គ្រុប គ្រប់គ្រងដោយផ្ទាល់ពីឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក។ លោកឧកញ៉ាជានិច្ចកាលតែងតែបង្ហាញមុខក្នុងពិធីតូចធំអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលលោកឧកញ៉ាមានតួនាទីជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្រ្តី។
ក្រឡែកមកភរិយាលោកវិញ ក្រៅពីការងារគ្រប់គ្រងក្នុងមុខជំនួញផ្ទាល់ លោកស្រីកាន់តួនាទីអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី ហួរ ជាប្រធាន។
ជាមួយគ្នានេះដែរ លោកស្រី ខា ឡេង ក៏ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងជាប្រធានសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា។
សម្រាប់ការងារយុវជន និងកិច្ចការងារមនុស្សធម៌ លោកស្រីជាសមាជិកានៃក្រុមការងារគ្រប់គ្រងនិស្សិត អាហាររូបករណ៍សម្តេចតេជោ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត៕