លោក អង់តូនី ប្លីងគិន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ធ្វើដំណើរមកទីក្រុងភ្នំពេញ ជាលើកដំបូង នៅថ្ងៃទី០៣ដល់ថ្ងៃទី០៥សីហា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិក, កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ី-បូព៌ា, និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន។

ដំណើរទស្សនកិច្ចលើកដំបូងនេះ លោក ប្លីងគីន បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ហើយក្រៅពីជំនួបផ្លូវការ លោកបានជួបពិភាក្សាការងារនឹងអង្គការ សមាគម និងយុវជនកម្ពុជាមួយចំនួន។

យ៉ាងណា ជាការកត់សម្គាល់ ជំនួបរបស់លោក ប្លីងគីន ភាគច្រើនរៀបចំឡើងនៅស្ថានទូត ឬសណ្ឋាគារលំដាប់ផ្កាយ ដូចបណ្តារដ្ឋមន្ត្រីការបរទេសនានាដែរ។
ទោះបីជាបែបនេះក្តី ក្នុងជំនួបពិភាក្សាជាមួយក្រុមការងារប្រចាំស្ថានទូតអាមេរិក និងយុវជនកម្ពុជា លោកប្លីងគីន សម្រេចចិត្តជ្រើសរើស ហាងកាហ្វេខ្មែរ ភ្លេងចន្ទ ស្ថិតនៅបឹងកេងកង ជាទីតាំងជួបជុំសំណេះសំណាល នឹងពេញចិត្តជាមួយការបម្រើសេវាកម្មទាំងម្ហូបអាហារ ភេសជ្ជៈ របស់ហាងផ្ទាល់។

Pleng Chan ជាហាងកាហ្វេក្នុងស្រុកដ៏ល្បីឈ្មោះមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់ចាប់តាំងពីឆ្នាំ ២០២០ មក ។ Pleng Chan មានទីតាំងដំបូងបង្អស់ស្ថិតនៅលើផ្លូវ ៦៣ (ត្រសក់ផ្អែម) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលជាទីតាំងមួយមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជនចំពោះអាហារ ភេសជ្ជៈ និងការរៀបចំទីតាំងហាង ដែលមានការរចនាតុបតែងខុសប្លែកពីហាងកាហ្វេផ្សេងៗទៀតនៅក្នុងស្រក៕



