លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនលោក ពៅ សុខ ដោយកោតសរសើរចំពោះលោកខិតខំប្រឹងប្រែងចងក្រងជាស្នាដៃសម្រាប់ជាប្រយោជន៍ដល់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន ក៏ដូចជាទុកជាមរតកសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។

ការថ្លែងកោតសរសើរដូច្នេះធ្វើឡើងក្នុងពេលដែលលោក ពៅ សុខ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាំយកសៀវភៅចំនួន ៣ប្រភេទ សរុបចំនួន ៥៥០ក្បាល ប្រគល់ជូនកាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
សៀវភៅទាំងនោះមានចំណងជើងថា ១. សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាភាសាខ្មែរ ចំនួន ១៥០ក្បាល, ២. អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី (ភាគ១) ជាភាសាខ្មែរ ចំនួន ១០០ក្បាល និងជាភាសាអង់គ្លេស ចំនួន ២០០ក្បាល, ៣. ទឹកចិត្តអ្នកជួយសង្គ្រោះ ជាភាសាខ្មែរ ចំនួន ១០០ក្បាល។

ឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័ណ ក៏បានប្រាប់លោក ពៅ សុខ ថា សៀវភៅទាំងនេះកាកបាទក្រហមកម្ពុជា នឹងធ្វើការផ្តល់ជូនសប្បុរសជនជាតិ-អន្តរជាតិ ទៅតាមតម្រូវការចាំបាច់ ជាពិសេសសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា៕

