ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគផ្ទះគំរូ២០ខ្នង ជូនរាជរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្ដ្រី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅល្ងាចថ្ងៃទី៦ ខែកញ្ញានេះ បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកថ្លែងអំណរគុណអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយបរិច្ចាគផ្ទះគំរូ២០ខ្នង ជូនរាជរដ្ឋាភិបាលដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាល ពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ចង់ឲ្យក្រុមហ៊ុនសាងសង់ផ្ទះ ទៅផ្សាយគំរូផ្ទះនៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ទីដែលពលរដ្ឋបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ចេញពីតំបន់រណីយដ្ឋានអង្គរ ហើយទទួលបានដីឡូតិ៍ ដែលផ្តល់ពីរាជរដ្ឋាភិបាលនៅតំបន់នោះ។

ថ្មីៗនេះ រាជរដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ទៅចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ នៅតំបន់រុនតាឯក ក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។

សូមជម្រាបថា ក្រុមការងារនេះដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕