ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ស្ទូចដំឡើងគ្រោង​ដែកតួ​ស្ពា​នជំហានទី១រួចហើយ

សង្គម​ និង​សេដ្ឋកិច្ច

ស្ពានអាកាសថ្មើជើងគឺជាស្ពានមួយដែលផ្តល់ភាពងាយស្រួល សុវត្ថិភាពដល់​ប្រជា​ពលរដ្ឋ និងជាពិសេសនោះគឺសិស្សសាលាតែម្តង ដែលចំណាយពេល​សាងសង់​ដើម្បីភាពងាយស្រួលក្នុងការធ្វើដំណើរ។ ស្ពានថ្មើរជើងផ្សារដើមគរ ដែលមាន​បណ្ដោយប្រវែង ២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ លទ្ធផលសម្រេចបាន ៨៥ភាគរយ និងអាចរួចរាល់នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ការដ្ឋាននឹង​ត្រូវស្ទូចដំឡើង​គ្រោង ដែកតួស្ពាន នៅវេលាម៉ោង១០,៣០នាទីយប់ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីសុវត្ថិភាព និងបង្ការក្រែងមានគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ការដ្ឋាន​នឹងបិទចរាចរឆ្លងកាត់ក្នុងរយៈពេលខាងលើ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តា​ពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វ​រវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក ដោយសេចក្តី​អនុគ្រោះ។ 

សូមរម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានសរសេរលើទំព័រ ហ្វេសប៊ុកផ្លូវការ ថា  «រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួន ២ទីតាំង គឺនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ សម្រាប់សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋធ្វើ​ដំណើរឆ្លងកាត់ផ្លូវ»។ 

បច្ចុប្បន្ននៅរាជធានីភ្នំពេញមានស្ពានថ្មើរជើងនេះ នៅមុខផ្សារជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ និង នៅចំណុចភ្លើងស្តុបរង្វង់មូលនាងគង្ហីង ដោយជោគជ័យ ។ រដ្ឋបាលរាជ​ធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដើម្បីចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបផ្សារដើមគរ ក្នុងមូល​ដ្ឋានខណ្ឌទួលគោក ដើម្បីសម្រួលដល់ការធ្វើដំណើរ​ថ្មើរជើងឆ្លងកាត់​ទីតាំងភ្លើង​ស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព៕