ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា ដើម្បីពិនិត្យ ពិភាក្សាលើចំណុចត្រូវធ្វើឱ្យប្រសើរឡើងនូវការងារដែលនៅសេសសល់ និងត្រៀមដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឆាប់ៗនេះ ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ដឹកនាំដោយលោក Sun Yao Guo ប្រធានវិស្វករ ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរទៅកាន់ក្រុមហ៊ុន ដែលបានអនុវត្តការងារសាងសង់លឿនជាង គម្រោងដែលបានគ្រោងទុកក្នុងកិច្ចសន្យា។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានដាក់ផែនការ ឱ្យគ្រប់ភាគីពាក់ព័ន្ធដោះស្រាយការងារដែលនៅសេសសល់យកមកពិភាក្សារកដំណោះស្រាយ ឱ្យបានរួចរាល់ ដើម្បីត្រៀមដាក់ឱ្យដំណើរសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ ឯកឧត្តមថា ចំពោះ ទីតាំងសាងសង់បង្គោលអង់តែនទូរសព្ទសំខាន់ៗមួយចំនួន នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្រសួងបានឯកភាពជាមួយក្រុមហ៊ុន CRBC ផ្តល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការរៀបចំបំពាក់បង្គោលតាមនីតិវិធីរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រចបាន ៩៦,៦០% បើគិតត្រឹមថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ ។ ផ្លូវនេះ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០១៩ ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមរដ្ឋាភិបាល ធ្លាប់អះអាងថា គម្រោងសាងសង់ផ្លូវនេះ នឹងក្លាយជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតនៅក្នុងព្រះរាជាណា ចក្រកម្ពុជា និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្រ្តសំខាន់បំផុត ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពី រាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកប្រមាណពីរម៉ោងប៉ុណ្ណោះ ព្រមទាំង ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕


