សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា បើគិតមកទល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ បានចំណាយដល់ការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាស អស់រហូតជាង២២៦លានដុល្លារហើយ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស ចំនួន០២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានបញ្ចាក់ថា ការសាងសង់ស្ពានអាកាសនាពេលកន្លងមក នឹងពេលនេះ គឺជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃ ពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះ បានឲ្យដឹងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានអាកាសក្នុងរាជធានីភ្នំពេញ គឺជាប្រើយុទ្ធសាស្ត្រយកស្លឹកត្នោតខ្ចប់ស្កត្នោត មានន័យថា យកលុយចំណូលពីការវិនិយោគក្នុងរាជធានី មកអភិវឌ្ឍរាជធានីភ្នំពេញវិញ។ ជាក់ស្តែងសម្តេច បានបញ្ជាក់ថា រហូតពេលបច្ចុប្បន្នររាជធានីភ្នំពេញ បានចំណាយលើការសាងសង់ទាំងស្ពានឆ្លងទន្លេ និងស្ពានអាកាសសរុបថវិកាជាង ២២៦លានដុល្លារអាមេរិកហើយ។
គួរបញ្ជាក់ដែរថា បើតាមសម្តេចថ្លែងក្នុងពិធីខាងលើ សម្តេច ក៏រំលឹកដែរថា កាលពីទសវត្សរ៍៨០ និង៩០ តម្រូវការរបស់ប្រជាពលរដ្ឋខុសឆ្ងាយពីពេលបច្ចុប្បន្ន ដែលពីមុនតម្រូវការខ្ពស់បំផុត គឺត្រឹមជាស្បៀងអាហារតែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះវិញ ប្រជាពលរដ្ឋមិនមែនខ្វះស្បៀងអាហារទៀតនោះទេ គឺពួកគាត់មានតម្រូវការប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរវិញ៕ អត្ថបទ៖ រង្សី