លោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុន នៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ប្រមាណ ១៣០រូប ជួបប្រជុំជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៧ ខែកញ្ញានេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

ក្នុងកិច្ចប្រជុំលើកនេះដដែល ភាគីទាំងពីរពិភាក្សាលើកាតព្វកិច្ចពន្ធរបស់អភិបាលអនិវាសនជន, ឡូជីស្ទីក (ការពន្លឿនការដាក់ឲ្យដំណើរការមាត់ច្រកព្រំដែនស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និងវឌ្ឍនភាពនៃប្រព័ន្ធបញ្ជរជាតិកម្ពុជា ឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធីគយ) និងថាមពល (ការកាត់បន្ថយថ្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី និងការគាំទ្រលើសកម្មភាព ស្តីពីអព្យាក្រឹតកាបូន)។

នៅក្នុងជំនួបដដែលនេះ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ប្រកាសពីការប្តេជ្ញាចិត្តរបស់វិនិយោគិនជប៉ុន ដើម្បីបន្តការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារអាមេរិក៕