លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ប្រកាសលោក កែវ ចាន់ណារិទ្ធ ចូលកាន់តំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្ដក្រុង( City Bus) រាជធានីភ្នំពេញ ជំនួសលោក អ៊ាន សុឃីម ដែលត្រូវទទួលមុខដំណែងថ្មី នៅថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

មុនទទួលដំណែងជាអភិបាលរដ្ឋករ លោក កែវ ចាន់ណារិទ្ធ អតីតអភិបាលរងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ និងជាប្រធានគណៈគ្រប់គ្រងទីលានចាក់សំរាមក្នុងខណ្ឌដង្កោ។
គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ដំណើរការជាលើកដំបូងនូវរថយន្តក្រុងសាធារណៈ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយមានខ្សែរត់ចំនួន០៣ខ្សែ រថយន្តចំនួន៤៣គ្រឿង ហើយនៅឆ្នាំ២០១៧ បានបន្ថែមខ្សែរត់ចំនួន០៥ខ្សែ មានរថយន្តចំនួន១៥៥គ្រឿង និងឆ្នាំ២០១៨ បន្ថែមខ្សែរត់ចំនួន០៥ខ្សែទៀត សរុបចំនួន១៣ខ្សែ ដោយបានប្រើប្រាស់រថយន្តរហូតដល់ចំនួន២៣៥គ្រឿង ក្រោមការជួយឧបត្ថម គាំទ្រ និងផ្តល់ជំនួយ រថយន្តក្រុងទាំងនេះ ពីប្រទេសជប៉ុន និងប្រទេសចិន៕


