កាលពីថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដាក់ឱ្យដំណើរការនូវរថយន្តក្រុង VIP សៀមរាប-បាងកក ដើម្បីឱ្យអ្នកដំណើរកាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរពីខេត្តសៀមរាប ទៅកាន់ប្រទេសថៃ ដោយពុំចាំបាច់មានការផ្លាស់ប្តូររថយន្តនៅព្រំដែន ដូចពេលមុនទៀតនោះទេ។

រថយន្តក្រុង VIP សៀមរាប-បាងកក ជាប្រភេទរថយន្ត ២៧កៅអី ដែលអ្នកដំណើរអាចជ្រើសរើសម៉ោងធ្វើដំណើរបាន ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីយប់។ ការដាក់ឱ្យដំណើរការនូវរថយន្តក្រុង VIP នេះ នឹងធ្វើឱ្យអាជីវករ ដែលចង់ធ្វើដំណើរទៅថៃ ដើម្បីទិញទំនិញកាន់តែងាយស្រួល ហើយជាពិសេសភ្ញៀវទេសចរណ៍ ដែលកំពុងកម្សាន្តនៅខេត្តសៀមរាប និងចង់បន្តទៅលេងនៅទីក្រុងបាងកក អាចធ្វើដំណើរតាមរថយន្តក្រុង VIP នេះបាន ជាមួយនឹងសុវត្ថិភាពខ្ពស់ និងពុំមានរុះរើឥវ៉ាន់ប្តូររថយន្ត ពេលដល់ព្រំដែន ដូចពីមុនទៀត។

សូមជម្រាបជូនថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដឹកជញ្ជូន និងបញ្ញើឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលអាចធ្វើដំណើរ ឬផ្ញើទំនិញ ទៅកាន់ប្រទេសថៃ និងវៀតណាមបាន។ លើសពីនេះថ្មីៗនេះ ក្រុមហ៊ុន ក៏ទើបបានចេញ App ថ្មីមួយឈ្មោះថា VET Express ដែលអាចទាញយកបាននៅលើទូរសព្ទដៃទាំងប្រព័ន្ធ iOS និង Andriod ដើម្បីតាមដានប្រតិបត្តិការបញ្ញើទំនិញ ឬអាចកក់សំបុត្រក្នុងការធ្វើដំណើរបានផងដែរ៕