ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ មានការតែងតាំងអភិបាលរងរាជធានី អភិបាលរងខេត្ត ជាច្រើន ជាពិសេសបន្ទាប់ពីការធ្វើវិសោធនកម្មបន្ថែមចំនួនគណៈអភិបាល។ តើបុគ្គលម្នាក់ ត្រូវមានលក្ខណៈសម្បត្តិបែបណាខ្លះ ទើបអាចទទួលបានការតែងតាំងជាអភិបាលរងរាជធានី ឬអភិបាលរងខេត្ត?

យោងតាមមាត្រា១៤៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចែងថា អភិបាលរងរាជធានី អភិបាលរងខេត្ត ត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតនៅក្នុងក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
១. មានឋានន្តរស័ក្តិ ចាប់ពីវរមន្ត្រីឡើងទៅ
២. មានអាយុចាប់ពី ៣៥ឆ្នាំឡើង គិតដល់ថ្ងៃតែងតាំង
៣. មានបទពិសោធន៍ការងារផ្នែករដ្ឋបាលសាធារណៈយ៉ាងតិចចំនួន ៥ឆ្នាំ ឬ/និងមានសញ្ញាបត្របរិញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា
៤. មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ក្នុងរយៈពេលនៃការតែងតាំង
៥. មិនធ្លាប់មានទោសឧក្រិដ្ឋ ឬមជ្ឈិមណាមួយ។

អភិបាលរងរាជធានី អភិបាលរងខេត្ត ត្រូវតែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងករណីចាំបាច់ អភិបាលរងរាជធានី អភិបាលរងខេត្ត ក៏អាចជ្រើសរើសពីក្នុងចំណោមមន្ត្រីទាំងពីរភេទ ដែលស្ថិតក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល ក្រៅពីក្របខណ្ឌក្រសួងមហាផ្ទៃបានផងដែរ ប៉ុន្តែត្រូវមានលក្ខណៈសម្បត្តិដូចខាងលើ។

អភិបាល អភិបាលរង មានអាណត្តិការងារមិនលើសពី៤ឆ្នាំនោះទេ ប៉ុន្តែអាចត្រូវបានតែងតាំងបាន ៤ឆ្នាំទៀត ក្នុងដែនសមត្ថកិច្ចដដែល សម្រាប់អាណត្តិទី២ របស់ខ្លួន។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ព្រះមហាក្សត្របានចេញច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រាមួយចំនួន ដែលក្នុងនោះមាត្រា១៤០ ថ្មី បានបន្ថែមចំនួនគណៈអភិបាល ដូចជា គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១នាក់, គណៈអភិបាលខេត្ត មានចំនួនពី ៧ ទៅ ១១នាក់ និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន ៥ ទៅ ៧នាក់៕