នាយករដ្ឋមន្រ្តី គាំទ្រឲ្យបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសគាំទ្រពេញការបើក និងដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលជាការផ្តួចផ្តើមឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការប្រកាសគាំទ្ររបស់សម្តេចធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក តាន់ ស្រ៊ី មីឆែល យាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោក យាវ បានស្នើសុំគាំទ្រដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅចម្បងចូលរួមចំណែកជួយផ្តល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យផ្សេងៗទៀត ព្រមទាំងគាំទ្រលើគំនិតផ្តួចផ្តើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិប្រើសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិមិត្ត។

ពាក់ព័ន្ធការបង្កើត និងដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា សម្តេចតេជោ បានផ្តល់អានុសាសន៍ឱ្យពិចារណាចូលរួមចំណែកពិនិត្យវាយតម្លៃ និងផ្តល់ធាតុចូលដល់អាស៊ាន និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផងដែរ។

ដោយឡែកគំនិតផ្តួចផ្តើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្តេចតេជោ បានគូសបញ្ជាក់ថា គំនិតនេះស្របនឹងគំនិតរបស់កម្ពុជា ដែលបានលើកទៅអាស៊ាននាពេលកន្លងមក។ នោះគឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន។

សូមជម្រាបជូនថា វិទ្យាស្ថានយុទ្ធសាស្ត្រ KSI គឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវឯករាជ្យមួយ មិនរកផលចំណេញ ដោយផ្ដោតលើការកែលម្អសុខមាលភាពសេដ្ឋកិច្ចសង្គម ផ្អែកលើការអភិវឌ្ឍគោលគំនិត នយោបាយសាធារណៈតាមរយៈការស្រាវជ្រាវអន្តរកម្មសាធារណៈ និងផ្តល់នូវចំណេះដឹង។ KSI ផ្តល់ការតស៊ូមតិខាងគោលនយោបាយ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងផែនការយុទ្ធសាស្រ្តដល់អ្នកបង្កើតគោលនយោបាយ និងស្ថាប័នានា។

KSI ក៏ជាលេខាធិការដ្ឋានសម្រាប់ស្ថាប័នមួយចំនួនដូចជា Economic Club of Kuala Lumpur, the Malaysia China Economic Cooperation Council (MCECC) និង Dialog Rakyat៕