ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ជប៉ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលជារោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅក្នុងប្រទេសកម្ពុជា។

បើតាម CDC គម្រោងវិនិយោគនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
តូយ៉ូតា គឺជាម៉ាករថយន្តដ៏ល្បីរបស់ជប៉ុននៅលើពិភពលោក។ សម្រាប់ទីផ្សារប្រទេសកម្ពុជា តម្រូវការប្រើប្រាស់រថយន្តម៉ាកតូយ៉ូតា មានការពេញនិយមជាខ្លាំងផងដែរ។
សូមជម្រាបថា ក្រៅពីក្រុមហ៊ុនរថយន្តតូយ៉ូតានេះ កម្ពុជា ក៏បានទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតថយន្តម៉ាកល្បីៗរបស់ពិភពលោកមួយចំនួន ដូចជារថយន្ត Ford ជាម៉ាកដ៏ល្បីរបស់អាមេរិក ដែលមានទីតាំងនៅខេត្តពោធិ៍សាត់, ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួនពីរ គឺ Hyundai និង Daehan បានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។ ចំណែកក្រុមហ៊ុន International VCV Industry CO,.ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យធ្វើការវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨៕