គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំប្រចាំ សប្តាហ៍ទី១ នៃខែកញ្ញា របស់ក្រសួងសាធារណការ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដែលដឹកនាំដោយទេសរដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

ការសាងសង់ផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។
ក្រសួងសាធារណការ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាគម្រោងមានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រដ្ឋាភិបាល បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន China Railway International Group Co., Ltd. តំណាងក្រុមហ៊ុន Royal Group ព្រមទាំងមានការចូលរួមពីក្រុមបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាដើម្បីចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យបានឆាប់។

របាយការណ៍សិក្សារបស់ក្រុមហ៊ុន China Railway International Group បានឲ្យដឹងថា យោងតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ផ្លូវនេះនឹងត្រូវរចនាក្នុងល្បឿនអតិបរមា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងកម្ពុជា និងវៀតណាម។
ក្រសួងសាធារណការ បានបង្ហាញថា គម្រោងនេះត្រូវចំណាយថវិកាប្រមាណជាង ២ពាន់លានដុល្លារ ហើយនឹងមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ កាត់តាមខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង មុននឹងទៅដល់ច្រកទ្វារព្រំដែនបាវិត ដែលមានព្រំដែនជាមួយប្រទេសវៀតណាម។

ពាក់ព័ន្ធគម្រោងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ។
គួររម្លឹកថា បច្ចុប្បន្នកម្ពុជា បាននិងកំពុងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ហើយត្រៀមនឹងបើកសាកល្បងនាដើមខែតុលា ឆ្នាំ២០២២នេះ។ យ៉ាងណា ប្រសិនបើមិនមានអ្វីប្រែប្រួលទេ នៅមិនយូរប៉ុន្មាន កម្ពុជានឹងមានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មួយទៀតនៅពេលឆាប់ៗនេះ៕