រដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មាធិការអន្តរក្រសួងថ្មីមួយ ដើម្បីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងរៀបចំកិច្ចព្រមព្រៀងថ្មីមួយទៀត សម្រាប់សិទ្ធគ្រប់គ្រង និងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។
សេចក្តីសម្រេច របស់រដ្ឋាភិបាល ចុះថ្ងៃទី៧ ខែកញ្ញានេះ គណៈកម្មាធិការអន្តរក្រសួងថ្មីនេះ មានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ជាប្រធាន និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ ជាអនុប្រធានប្រចាំការ រដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
សូមជម្រាបជូនថា គណៈកម្មាធិការថ្មីនេះ មានតួនាទីចុះពិនិត្យ និង សិក្សាលើកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ រវាងរដ្ឋាភិបាល និងក្រុមហ៊ុនសម្បទាន SCA និង CAIC ។ ជាពិសេស ត្រូវពិនិត្យបញ្ជប់កិច្ចព្រមព្រៀងជាមួយ SCA ដើម្បីដំណើរការថ្មីជាមួយក្រុមហ៊ុន AIAI។
សេចក្តីសម្រេចបានបញ្ជាក់ថា ក្រុមហ៊ុនសម្បទាន SCA និង CAIC រដ្ឋាភិបាលនឹងធ្វើការចរចារជាថ្មី ដើម្បីរៀបចំកិច្ចសហប្រតិបតិ្តការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និង បិទបញ្ចប់កិច្ចសន្យានៅអាកាសយានដ្ឋានអន្តរជាតិភំ្នពេញបច្ចុប្បន្នផងដែរ។
លើសពីនេះក្រុមហ៊ុនសម្បទានទាំងអស់ ក៏ត្រូវធ្វើរបាយការណ៍ប្រចំាត្រីមាស ឆមាស និង ប្រចាំឆ្នាំ អំពីវឌ្ឍនភាពកិច្ចព្រមព្រៀងថ្មីសម្រាប់ការគ្រប់គ្រងអាកាសយានដ្ឋាន ជូនដល់រដ្ឋាភិបាលពិនិត្យ និងសម្រេចផងដែរ។
គួររំលឹកបន្តិចថា រាល់ការចំណាយទាំងអស់របស់គណៈកម្មាធិការអន្តរក្រសូង បានពីថវិការជាតិ និង មួយផ្នែកទៀតក្រោមការឧបត្ថមពីក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA, ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា CAIC និង ក្រុមហ៊ុនវិនិយោគអាកាយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ AIAI៕