ខ្លាឃ្មុំចំនួនពីរប្រភេទ គឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទ កំពុងមានវត្តមាននៅកម្ពុជា ប៉ុន្តែវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត បើសិនជាមិនមានការយកចិត្តទុកដាក់ឱ្យបានដិតដល់។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការ អេកូយុវទូត។
ខ្លាឃ្មុំទាំងពីរនេះ មានលក្ខណៈខុសគ្នាមួយចំនួនដូចជា ទី១ ខ្លាឃ្មុំព្រះអាទិត្យ (Sun Bear) ដែលមានឈ្មោះជាភាសារខ្មែរថា ខ្លាឃ្មុំតូច វាត្រូវបានដាក់ឈ្មោះតាមរោមទ្រូងពណ៌ក្រហមដែលមានរាងជាអក្សរ U ឬ រាងជារង្វង់មូល។ ខ្លាឃ្មុំឈ្មោលធម្មតាមានទម្ងន់ពី ៣០ ទៅ ៧០ គីឡូក្រាម (៦៦ និង ១៥៤ ផោន) និងខ្លាឃ្មុំញីចន្លោះពី ២០ ទៅ ៤០ គីឡូក្រាម(៤៤ និង ៨៨ ផោន) ។ ចំណែកជម្រក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សត្វខ្លាឃ្មុំមានទីជម្រកនៅក្នុងព្រៃត្រូពិច រួមមាន ព្រៃត្រូពិចភ្នំ និងជម្រកវាលភក់។
ចំណែកទី២ ខ្លាឃ្មុំព្រះចន្ទ(Moon Bear)មានឈ្មោះជាភាសាខ្មែរថា ខ្លាឃ្មុំអាស៊ី។ សម្រាប់លក្ខណៈពិសេសចម្បងរបស់វាគឺ មានរូបរាងស្រដៀងនឹងខ្លាឃ្មុំខ្មៅដែរ ប៉ុន្តែមានមាឌតូចជាង។ ខ្លាឃ្មុំអាស៊ីឈ្មោលមានមាឌធំជាង ខ្លាឃ្មុំអាស៊ីញីពីរដង។ ពេលខ្លាឃ្មុំអាស៊ីឈរ មានកម្ពស់១,៥ម៉ែត្រ ទៅ ២ ម៉ែត្រ ហើយវាពូកែឡើងភ្នំ និងដើមឈើ។ នៅភាគខាងត្បូងនៃព្រៃទឹកភ្លៀងនៃអាស៊ីអាគ្នេយ៍គឺជាផ្ទះរបស់ខ្លាឃ្មុំអាស៊ី។
ពាក់ព័ន្ធនឹងរឿងនេះដែរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ខាងមុខ នឹងមានកិច្ចពិភាក្សាស្តីពី “ការសង្រ្គោះ និងការថែទាំសត្វខ្លាឃ្មុំ” ពីអ្នកជំនាញមកពីអង្គការ Free the Bears ដែលកម្មវិធីនេះ នឹងធ្វើឡើង នៅរាជធានីភ្នំពេញ ៕