ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកក្លឹបសេដ្ឋកិច្ចអាស៊ានជាផ្លូវការ នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជាទិសដៅជាចម្បងចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ ។ ការប្រកាសបើកក្លឹបសេដ្ឋកិច្ចអាស៊ានជាផ្លូវការនេះធ្វើឡើងក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) នៅព្រឹកថ្ងៃទី១២កញ្ញានេះ។

សម្តេចតេជោថ្លែងថា៖ «ក្លឹបសេដ្ឋកិច្ចអាស៊ាន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែជិតស្និទតាមរយៈការចូលរួមតាមដានវាយតម្លៃ និងផ្តល់អនុសាសន៍ឯករាជ្យ ប្រកបដោយវិជ្ជាជីវៈលើការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេច ជាពិេសសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ RCAP និងកិច្ចព្រមព្រៀងដទៃពាក់ព័ន្ធសរសរស្តម្ភសេដ្ឋកិច្ច»។
សូមជម្រាបថា ក្លឹបសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា ជាការផ្តួចផ្តើមឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយលោក តាន់ ស្រ៊ី មីឆែល យាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

វិទ្យាស្ថានយុទ្ធសាស្ត្រ KSI គឺជាវិទ្យាស្ថានសិក្សាស្រាវជ្រាវឯករាជ្យមួយ មិនរកផលចំណេញ ដោយផ្ដោតលើការកែលម្អសុខមាលភាពសេដ្ឋកិច្ចសង្គម ផ្អែកលើការអភិវឌ្ឍគោលគំនិត នយោបាយសាធារណៈតាមរយៈការស្រាវជ្រាវអន្តរកម្មសាធារណៈ និងផ្តល់នូវចំណេះដឹង។ KSI ផ្តល់ការតស៊ូមតិខាងគោលនយោបាយ ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងផែនការយុទ្ធសាស្រ្តដល់អ្នកបង្កើតគោលនយោបាយ និងស្ថាប័នានា។
KSI ក៏ជាលេខាធិការដ្ឋានសម្រាប់ស្ថាប័នមួយចំនួនដូចជា Economic Club of Kuala Lumpur, the Malaysia China Economic Cooperation Council (MCECC) និង Dialog Rakyat៕