នៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹឹកថ្ងៃចន្ទ ទី១១កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ច អាស៊ានត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ ព្រមទាំងបង្កើតការវិនិយោគប្រកបដោយភាពទាក់ទាញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន អាស៊ានត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយតំបន់អាស៊ានឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ និងជីវភាព ជាពិេសសតាមរយៈការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ និងការផ្តល់នូវការគាំទ្រឲ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការអនុវត្ត និងទាញប្រយោជន៍ឲ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ពិេសសកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCAP ដែលជាកិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តសកលលោក»។
បើតាមសម្តេចតេជោ អាស៊ានត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្ត ការពង្រឹងសហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងធម្យម ការពង្រឹងវិស័យអប់រំ សុខាភិបាល និងកិច្ចគាំពារសង្គម ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការធានាសន្តិសុខស្បៀង។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២នេះ បញ្ជាក់បន្ថែមថា អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកប្រយោជន៍ឲ្យបានជាអតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងការធ្វើឌីជីថលូបនីយកម្មដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យទាំងផ្នែកសង្គម-សង្គម ការវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុឲ្យបានឆាប់រហ័សផងដែរ៕