សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងការកាន់បិណ្ឌ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចជាស្ថានភាពនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃចន្ទទី១២កញ្ញានេះ បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាជន នៅថ្ងៃភ្ជុំបិណ្ឌទៅកាន់បណ្តាខេត្តនានា ដោយបញ្ចេញរថយន្តដឹកញ្ជូនដូចដែលធ្លាប់បានធ្វើរួចមកហើយនៅមុនកូវីដ១៩មិនទាន់រីករាលដាល។
ការណែនាំដល់អាជ្ញាធររាជធានីភ្នំពេញត្រៀមរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋនេះ សម្តេចតេជោបានបញ្ជាក់ថា ដើម្បីកាត់បន្ថយនៅការតម្លើងថ្លៃរបស់រថយន្តឈ្នួល ឬតាក់ស៊ី ដើម្បីជួយដល់កម្មករ កម្មការិនី ប្រជាពលរដ្ឋដែលចង់ធ្វើដំណើរទៅតាមមូលដ្ឋាននានា។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានអំពាវនាវឲ្យម្ចាស់រថយន្ត សូមកុំតម្លើងថ្លៃក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំឆ្នាំ២០២២នេះ ដើម្បីឲ្យប្រជាជនមានលទ្ធភាពធ្វើដំណើរទៅធ្វើបុណ្យនៅតាមស្រុកកំណើតរៀងៗខ្លួន។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២៕