រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ដើម្បីកាត់បន្ថយចរាចរណ៍ក្នុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី១២ ខែកញ្ញានេះ បានបញ្ជាក់ថា ការសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍ សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕
គួររម្លឹកថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ គឺជាលើកទី ៣ សម្រាប់ប្រទេសកម្ពុជា ហើយវាជាកិច្ចប្រជុំកំពូលក្នុងតំបន់ដ៏សំខាន់មួយ បន្ទាប់ពីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩៕