សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទៅថ្ងៃអនាគត តំបន់រុនតាឯក នឹងក្លាយជាតំបន់អភិវឌ្ឍន៍មិនមែនជនបទទៀតទេ ខណៈរដ្ឋាភិបាលនឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់នេះ។
ការលើកឡើនេះ ត្រូវបានធ្វើឡើង នាពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា កាលទី១៣ ខែកញ្ញា ឆ្នាំ២០២២។
នាពេលនោះ សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមសហការ និងស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។
ជាមួយគ្នានេះ សម្តេច អះអាងថា ថ្ងៃអនាគត តំបន់រុនតាឯក នឹងក្លាយជាតំបន់អភិវឌ្ឍន៍មិនមែនជនបទទៀតទេ ខណៈរដ្ឋាភិបាលនឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតំបន់នេះ ដូចជា មន្ទីពេទ្យ ផ្សារ សាលារៀន ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូកខ្វក់ ផ្លូវ និងការរៀបចំប្រព័ន្ធអគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ីនធើណេតជាដើម។
ទន្ទឹមគ្នានេះ សម្តេច បានបញ្ជាជាថ្មី ឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ពន្លឿនការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិធម្មជាតិរុនតាឯកឲ្យបានឆាប់រហ័ស ដើម្បីបង្កភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ដែរថា បន្ថែមពីលើអគារសិក្សា និងផ្លូវគ្រួសក្រហមចំនួន ៤៥ខ្សែ ដែលបានសាងសង់រួចហើយនោះ បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ក៏កំពុងសិក្សាគម្រោងសាងសង់ផ្សារចំនួន ៨ខ្នង, មណ្ឌលសុខភាពចំនួន ៣អគារ រួមមាន៖ អគារជំងឺទូទៅ អគារសម្ភព និងអគារស្នាក់នៅចំនួន ១ខ្នង កម្ពស់២ជាន់ មាន ២០បន្ទប់។ និងការរៀបចំប្រព័ន្ធទឹក អគ្គិសនី សេវាទូរស័ព្ទ និងសេវាអ៉ីនធើណេតថែមទៀត។
ហេតុនេះ សម្តេច ហ៊ុន សែន អះអាងថា ទៅថ្ងៃអនាគត តំបន់នេះ នឹងក្លាយជាតំបន់ប្រជុំជន មិនចាញ់តំបន់ដទៃនោះឡើយ៕
អត្ថបទ៖រង្សី