ឧត្តមសេនីយ៍ឯក ផ្កាយ៣ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថាការសម្រេចចិត្តរបស់វិនិយោគិនជប៉ុន ដែលអាចចាត់ទុកបានថា ជាការពិចារណាគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យច្បាស់លាស់យូរអង្វែង ក៏បានបង្ហាញផងដែរអំពីទំនុកចិត្តមកលើកត្តាស្ថិរភាពនិងបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផលរបស់កម្ពុជា។
ការដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក គូសបញ្ជាក់យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីទទួលរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ពីស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃ នៃប្រទេសជប៉ុន សម្រាប់បំពេញតម្រូវការរបស់កងទ័ពជើងគោក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ប្រកាសស្វាគមន៍ចំពោះវិនិយោគិនជប៉ុន ដែលបានជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅធ្វើធុរកិច្ច ហើយលោកសង្ឃឹមថា បន្តទៅមុខនឹងមកកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសការវិនិយោគផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរបត់សាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងផ្តោតលើការអភិវឌ្ឍវិស័យ ឧស្សាហកម្ម និងបច្ចេកវិទ្យា។
ឧត្តមសេនីយ៍ឯក គូសបញ្ជាក់បន្ថែមថា ក្រៅពីការបង្កើតការងារ និងការផ្ទេរបច្ចេកវិទ្យា,ក្រុមហ៊ុន-សហគ្រាសជប៉ុន ក៏បាននាំមកនូវស្តង់ដារការងារ ដែលមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់កម្មករ-និយោជិត។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុន សម្រេចបានក្នុងរង្វង់ទឹកប្រាក់ជាង ៧៧៨លានដុល្លារ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ។ ទំហំនេះ បានកើនឡើងក្នុងអត្រា ១២,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណ ៦៩៣លានដុល្លារ។
បើតាមស្ថិតិរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ភាគហ៊ុននៃការវិនិយោគផ្ទាល់ពីបរទេសដែលហូរចូលប្រទេសកម្ពុជាពីឆ្នាំ ១៩៩៤- ២០២១ មានចំនួន ៥៤៥ពាន់លានដុល្លារ។ ក្នុងនោះជប៉ុនបានឈរនៅលំដាប់លេខ៥ ស្មើនឹង ៥,២ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេស។
គួររំលឹកបន្តិចថា កន្លងទៅថ្មីៗនេះ កម្ពុជាបានដាក់សម្ពោធនូវមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា(Cambodia Private Commercial Center) មួយកន្លែងនៅប្រទេសជប៉ុន ដើម្បីពង្រីកទីផ្សារ នាំចេញនូវផលិតកម្ពុជា ហើយដើម្បីទាក់ទាញវិនិយោគគិនជប៉ុន ៕