រដ្ឋាភិបាលមានបំណងចំណាយជាង ៥០លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២។ ថ្លែងក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដែលបានធ្វើឡើងកាលពេលកន្លងទៅ លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា តួលេខចំណាយគ្រោងនឹងចំណាយដែលត្រូវប្រើប្រាស់សម្រាប់ព្រឹត្តិការណ៍នេះគឺបានមកពីការសន្សំរបស់រដ្ឋ ។
លោកបានឲ្យដឹងថា « ក្រៅពីថវិកាដែលប្រើប្រាស់សម្រាប់វិបត្តិជំងឺកូវិត១៩ រដ្ឋាភិបាលគ្រោងនឹងចំណាយប្រហែលពី ៤0 លានដុល្លារ ទៅ ៥0 លានដុល្លារសម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន»។
ជាមួយគ្នានេះ លោកបានបន្តថា សម្រាប់ថវិកាជាតិឆ្នាំ២០២២ រដ្ឋាភិបាលត្រូវបែងចែកថវិកាឲ្យបានត្រឹមត្រូវតាមផ្នែកនីមួយៗនៃការចំណាយ ហើយដើម្បីឆ្លើយតបនឹងការចំណាយដ៏ច្រើននេះ លោកថា រដ្ឋាភិបាលបានព្យាយាមប្រឹងប្រែងលើការប្រមូលចំណូលពន្ធឲ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ដែរថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ គឺជាលើកទី ៣ សម្រាប់ប្រទេសកម្ពុជា ហើយវាជាកិច្ចប្រជុំកំពូលក្នុងតំបន់ដ៏សំខាន់មួយ បន្ទាប់ពីបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩។
ក្នុងនាមជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនផងដែររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ បន្ថែមពីនេះ សម្តេចតេជោក៏បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតផង៕