រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសប្តេជ្ញាខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចជាតិ និងអន្តរជាតិឲ្យកាន់តែប្រសើរឡើង។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន (Regional Action Group) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) ក្រោមប្រធានបទ៖ មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពធន់ និងការផ្លាស់ប្តូរបៃតងរបស់សហគមន៍អាស៊ាន កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ(Port EDI) ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចរបស់វិស័យឯកជន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកពីគម្រោងដាក់ដំណើរការជាបណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ(Expressway PP-SHV) នៅដើមខែតុលា ឆ្នាំ២០២២ ដែលជាផ្លូវល្បឿនលឿនលើកដំបូងបង្អស់របស់កម្ពុជា អាចកាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តម ក៏បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជាដែលត្រូវការទុនវិនិយោគប្រមាណជិត៥០ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីអនុវត្តគម្រោងប្រមាណ៣៣២គម្រោងក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតការងារធ្វើនៅកម្ពុជាថែមទៀត។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំខាងលើនេះ គឺបានផ្តោតការពិភាក្សាជាសំខាន់លើប្រធានបទចំនួនបីរួមមាន៖ ១) ការលើកកម្ពស់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់អាស៊ានតាមរយៈបច្ចេកវិទ្យា ២) ការជំរុញឱ្យមានការផ្លាស់ប្តូរកំណើនបៃតងតាម រយៈបច្ចេកវិទ្យា និង ៣)មាគ៌ារបស់អាស៊ានឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព៕