កម្ពុជា ស្នើ ADB ជួយ៤ចំនុចដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) កាលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយលើរឿងសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា ក្នុង គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមគ្នានេះ លោកបានស្នើឲ្យADB ជួយលើ៤ចំនុច ដើម្បីអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាក្នុងនោះរួមមាន៖ ​១.ជួយគាំទ្រ​ការងារផលិតទឹកដើម្បីលក់ដុំ២.ការសាងសង់អាងប្រព្រឹត្តិកម្មខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ​ឬតំបន់ឆ្ងាយខ្វះប្រភពទឹក៣.ការផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការត​បណ្តា​ញ​ទឹក​ស្អាត​ពីប្រភពទឹកខេត្តកំពត​ មកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ​ ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងនិងទី៤.ការ​បំពាក់​Sensor ដើម្បីតាមដានសម្ពាធទឹក​និងគុណភាពទឹកជាដើម​ ។

ជាការឆ្លើយតប លោកស្រី Jyotsana Varma ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) បានបង្ហាញជំហរគាំទ្រ និងពង្រឹង កិច្ចសហប្រតបត្តិការបន្ថែមទៀត ដើម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា សម្រេចបានតាមគោលដៅរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ដែរថា បើតាមក្រសួងឧស្សាហកម្មបានឲ្យដឹងថា ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត និងអនាម័យខេត្តនៅកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទៅលើខេត្តគោលដៅជាច្រើនរួមមាន៖ខេត្ត ស្វាយរៀង កំពង់ចាម កំពង់ធំ ពោធិ៍សាត់ កំពត សៀមរាប ព្រះសីហនុ និងខេត្តស្ទឹងត្រែងជាដើម៕