ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) បានក្លាយខ្លួនជាក្រុមហ៊ុនដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយក្នុងការសាងសង់លំនៅឋាន ផ្ទះវីឡា និងខុនដូបែបទំនើបៗ និងស៊ីវិល័យនៅប្រទេសកម្ពុជា មិនដល់រយៈពេល១០ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុន អ័រគីដេ វីឡា បានក្លាយទៅជា អ័រគីដេ គ្រុប (Orkide Group) និងបានបង្កើតឈ្មោះថ្មីហៅថា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development Co.,Ltd) ដែលបានចុះបញ្ជី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣។

ម្ចាស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន គឺលោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ហ៊ុន ម៉ាណា គឺជាអគ្គនាយិកា នៃក្រុមហ៊ុនមួយនេះ ប៉ុន្តែលោកស្រី បានរៀបចំថ្នាក់ដឹកនាំមួយចំនួនទៀត ក្នុងការគ្រប់គ្រងក្រុមហ៊ុន ជាពិសេសគឺមានលោកស្រី ខៀវ សស៊ីលៀប ជានាយិកាប្រតិបត្តិទូទៅ ដែលតែងតែចេញមុខតំណាងក្រុមហ៊ុនញឹកញ៉ាប់ ក្នុងការចុះកិច្ចព្រមព្រៀងផ្សេងៗ ក៏ដូចជាការដឹកនាំក្រុមហ៊ុនទាំងមូល។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានបើកគម្រោងទី១របស់ខ្លួននៅផ្លូវ២០០៤ កាលឆ្នាំ២០១៤ ហើយមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន មានគម្រោងធំៗដល់ទៅ ៣កន្លែងហើយ ដូចជា៖ ១) គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត, ២) គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ និង ៣) គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕




