រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ថា បច្ចុប្បន្ននិន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាលំដាប់ ខណៈត្រឹម៧ខែ ឆ្នាំ២០២២នេះ មានរថយន្តអគ្គិសនីរហូតជាង៣០០គ្រឿង បានទៅចុះបញ្ជីផងដែរ។

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប កាលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦%។
ឯកឧត្តមថា ការកើនឡើងនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

គូសបញ្ជាក់ថា នាឪកាសនោះ ក្រសួងសារធាណការក៏បានឲ្យដឹងថា ក្រសួងក៏គ្រោងទិញប្រមាណពី៣០ទៅ៥០គ្រឿងបន្ថែមទៀតដើម្បីចាប់ផ្ដើមប្រើប្រាស់នៅក្នុងក្រសួង និងបានធ្វើការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនអាហារដូចជា៖ Nham24 និងFood Panda ដើម្បីឱ្យប្ដូរពីម៉ូតូដែលប្រើប្រេងឥន្ធនៈទៅជាម៉ូតូប្រើអាគុយវិញ។
ទន្ទឹមនឹងនេះ ក្រសួងក៏បានបញ្ជាទិញរថយន្តអគ្គិសនីចំនួន៤គ្រឿង បូកបន្ថែមជាមួយនឹងការផ្តល់ជូនជាជំនួយដោយផ្នែកឯកជនចំនួន៣គ្រឿង ក្នុងខែតុលា ក្រសួងនឹងមានរថយន្តអគ្គិសនីចំនួន៧គ្រឿង ហើយក្រសួងនឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការទិញរថយន្តប្រភេទនេះដើម្បីប្រើប្រាស់ក្នុងការចុះត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវថែមទៀត៕

