លោក ម៉ម កាយ ជាអតីតសិស្សពូកែអក្សរសាស្ត្រខ្មែរ ដែលរយៈពេល ២ម៉ោង លោកមានសមត្ថភាព សរសេរតែងសេចក្តីបានរហូតដល់ទៅ ៧ទំព័រ ប្រកបដោយអត្ថន័យ អត្ថរូប អត្ថរស និងរចនាបថល្អស្អាត ព្រមទាំងជាសិស្សពូកែគរុកោសល្យលើឯកទេសអក្សរសាស្ត្រខ្មែរផងដែរនោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យតែងតាំងជាអភិបាលរងខេត្តតាកែវ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លោក ម៉ម កាយ ជាកូនអ្នកស្រែហើយកំព្រាឪពុក តែលោកបានខិតខំប្រឹងប្រែងសិក្សារហូតក្លាយជាសិស្សពូកែម្នាក់ក្នុងចំណោមសិស្សពូកែៗដទៃៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមសង្ខេបប្រវត្តិការសិក្សា របស់លោក ម៉ម កាយ ដូចខាងក្រោម៖
-លោក ម៉ម កាយ ជាអតីតសិស្សពូកែអក្សរសាស្ត្រខ្មែរ (ឆ្នាំ១៩៩៨) ដោយក្នុងរយៈពេល ២ម៉ោង លោកមានសមត្ថភាពសរសេរតែងសេចក្តីបានរហូតដល់ទៅ ៧ទំព័រ ប្រកបដោយ រចនាបទ អត្ថន័យ អត្ថរូប អត្ថរស និងអក្ខរាវិរុទ្ធ (កិច្ចការស្អាត) ដែលអាចទទួលយកបាន
-លោកទទួលបានបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ, ច្បាប់ និងទំនាក់ទំនងអន្តរជាតិ
-លោកទទួលបានសញ្ញាបត្រគរុកោសល្យឯកទេសអក្សរសាស្ត្រខ្មែរ និងជាគរុសិស្សឆ្នើមប្រចាំជំនាន់
-លោកទទួលបានសញ្ញាបត្រអនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈ (សិក្សាជាភាសាអង់គ្លេស)
-លោកបានទទួលការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល
-លោកធ្លាប់សិក្សានៅប្រទេសជប៉ុន លើមុខវិជ្ជាសំខាន់ៗដូចជា៖ “ការការពារបរិស្ថាន ,ការគ្រប់គ្រងកាក សំណល់រឹងរាវ, ប្រព័ន្ធលូបង្ហូរ, សុខភាពសាធារណៈ, ការកសាងនិងថៃរក្សាសន្តិភាព, និងផែនការអភិវឌ្ឍន៍ទីក្រុង” ដោយទទួលបានលទ្ធផលជ័យលាភីល្អក្នុងចំណោមបេក្ខជននិស្សិតមកពីបណ្តាប្រទេសអាស៊ាន រហូតទទួលបានការកោតសរសើរពី ឯកឧត្តមអភិបាលទីក្រុងហ៊ីរ៉ូហ្សីម៉ា ប្រទេសជប៉ុនថែមទៀតផង។
-លោកធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅប្រទេសចិន ក្នុងកម្មវិធី “អ្នកដឹកនាំវ័យក្មេង ចិន-អាស៊ាន”
-លោកធ្លាប់ចូលរួមធ្វើទស្សនកិច្ចសិក្សានៅ ប្រទេសនេប៉ាល់ ប្រទេសចិន ប្រទេសជប៉ុន ប្រទេសបារាំង ប្រទេសប៊ែលហ្សិក និង ប្រទេសស្វីសផងដែរ។
ទន្ទឹមនឹងនោះដែរ លោក ម៉ម កាយ ក៏ជាសមាជិកនៃ (ចៅហ្វាយក្រុង សម្រាប់សន្តិភាព) ( Mayors for Peace Member ) តាំងពីឆ្នាំ 2015 រហូតមកដល់បច្ចុប្បន្ននេះ ដោយមានទីក្រុងជាសមាជិកសរុប 8200 ទីក្រុង នៃប្រទេស ចំនួន 166 នៅជុំវិញពិភពលោក ដែលបង្កើតឡើងនៅ ប្រទេសជប៉ុន ហើយ ចៅហ្វាយក្រុង ហ៊ីរ៉ូហ្ស៊ីម៉ា ប្រទេសជប៉ុន នាបច្ចុប្បន្ន ជាប្រធាន។



ចំណែកឯបទពិសោធន៍ការងារវិញ លោក ម៉ម កាយ មានបទពិសោធន៍បម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ (ក្នុងតួនាទីជាជំនួយការឯកឧត្តមរដ្ឋមន្ត្រី)។ លោកក៏ជាអតីតប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ស្រុក ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២០ ហើយលោកបានចូលរួមការងារសង្គម មនុស្សធម៌យ៉ាងសកម្មជាច្រើនផងដែរ ដូចជា ការចែករំលែកចំណេះដឹងលើការអប់រំយុវជន ការបង្រៀនភាសាអង់គ្លេស ការបង្រៀនគន្លឹះសំខាន់ៗនៃការត្រៀមប្រលងសញ្ញាប័ត្រទុតិយភូមិ ការត្រៀមខ្លួនក្លាយជាសិស្សពូកែ ការត្រៀមខ្លួនជាយុវជនបន្តវេន ការសំអាតបរិស្ថាន សិល្បៈកីឡា ការដាំដើមឈើ ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងការសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ក្នុងពេលលោកបំពេញតួនាទីជាអភិបាលរងស្រុកបាភ្នំ ២អាណត្តិ៕






