តាមរយៈជំនួបពិភាក្សាការងារជាមួយលោក Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) កាលទី១៣ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអាទិភាព។

ក្នុងជំនួបនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់ EIB ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្ដិការបច្ចុប្បន្ន។ទន្តឹមគ្នានេះ ឯកឧត្តមក៏បានស្នើសុំឲ្យ EIB បន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវិស័យអាទិភាព តាមរយៈការចូលរួមជាឥណទានសម្បទាន, ហិរញ្ញប្បទានឥតសំណង និងការគាំទ្រជំនួយបច្ចេកទេសនានាជាដើម។

ជាការឆ្លើយតប លោក Kriss Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) បានលើកឡើងថា EIB បានត្រៀមរួចជាស្រេចក្នុងការពង្រឹងសហប្រតិបត្ដិការកម្រិតតំបន់ ជាពិសេស ជាមួយកម្ពុជាឱ្យកាន់តែមានភាពរឹងមាំថែមទៀត ខណៈខ្លួនទើបតែបានដាក់សម្ភោធជាផ្លូវការនូវការិយាល័យប្រចាំតំបន់ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្មីនេះ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបង្ហាញជំហរ ក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀតផងដែរ៕


